ខេត្តបន្ទាយមានជ័យ ៖ ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ខ្លាំងកន្លងមកចំនួន៣ ស្រុក ក្រុង មានក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី ស្រុកព្រះនេត្រ បានទទួលពូជស្រូវចំរុះ ពីឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុនសែន នៅព្រឹក ថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅចំណុច ផ្សារធំថ្មីបូរីជ័យ២ ភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមចែកពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងអ្នកមុខ អ្នកការជាច្រើននាក់ទៀត។
ក្នុងនោះឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៍ ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានសម្ដែងការព្រួយបារម្ភ និង គិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់។ សម្ដេចបានចុះទៅផ្ទាល់ ដើម្បីជួបបងប្អូនប្រជាពលរដ្ឋ និងជួយឧបត្ថម្ភដោះស្រាយ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ឲ្យរួចផុតពីការលំបាកជាច្រើនខេត្ត។ ម្យ៉ាងទៀតទីណាដែលជួបទុក្ខលំបាក ហើយសម្ដេចតេជោ ហ៊ុនសែន ពុំបានទៅផ្ទាល់ ក៏បានចាត់តាំងឲ្យក្រុមការងាររបស់សម្ដេច ឲ្យចុះទៅជួបបងប្អូនប្រជាពរដ្ឋដោយផ្ទាល់ និង ឲ្យអាជ្ញាធរ ដែនដី សមត្ថកិច្ចពាក់ព័ន្ធ ចូលរួម ជួយសង្គ្រោះ និងរំដោះបងប្អូនប្រជាពលរដ្ឋ ឲ្យរួចផុតពីគ្រោះទឹកជំនន់ ថែមទាំងបានផ្ដល់ស្បៀងអាហារ ឲ្យបានគ្រប់គ្រាន់ ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ អត់អាហារស្លាប់ដោយពុំបានដឹងឮពីអាជ្ញាធរនោះឡើយ។ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំយ៉ាងប្ដូរផ្ដាច់ ដើម្បីអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មឧស្សាហកម្ម ដែលកំពុងតែដើរតួរនាទីយ៉ាងសំខាន់ ក្នុងការជម្រុញការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិ រក្សានៅសន្តិសុខស្បៀង អាហារជូនប្រជាជនកម្ពុជា នឹង កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ នៅក្នុងសមរភូមិសង្គ្រាមប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ រួមទាំងដោះស្រាយបញ្ហាប្រឈមពីគ្រោះទឹកជំនន់ផងដែរ ។
ឯកឧត្តមក៏បានសំណូមពរ និង ណែនាំប្រជាកសិករទាំងអស់ សូមយកពូជស្រូវទាំងនេះ ទៅបង្កបង្កើនផល ក្នុងការស្តារ ឡើងវិញ ដែលជាពូជស្រូវមិនរើសរដូវ និង សូមបងប្អូនត្រូវមានការអាធ្យាស្រ័យឲ្យគ្នា ក្នុងការចែករំលែកទឹកស្រោចស្រព ដំណាំស្រូវរបស់បងប្អូនផងដែរ ។ ឯកឧត្តមបានបន្តថា នឹងប្រែក្លាយកសិកម្មកម្ពុជា ជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង និងការប្រែប្រួលអាកាសធាតុ និរន្តភាព ដើម្បីបង្កើនប្រាក់ចំណូល គ្រួសារកសិករ និងបានអំពាវនាវដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និង ប្រជាពលរដ្ឋគ្រប់ គ្រង យកចិត្តទុកដាក់ អនុវត្តសកម្មភាពរបស់ខ្លួន សំដៅរួមចំណែកផលិតលើកកំពស់សុខភាព ជីវភាពរស់នៅ ធានាឲ្យបាននូវសុខដុមនីយកម្មគ្រួសារ ។ លោកបានផ្តាំផ្ញើដល់បងប្អូន ឲ្យយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាជម្ងឺកូវិដ១៩ គឺត្រូវធ្វើអនាម័យឲ្យបានជាប្រចាំ ពីព្រោះថា ជម្ងឺកូវិដ១៩វាមិនភ្លេចយើងទេ មានតែយើងគ្រប់គ្នាទេភ្លេចជម្ងឺកូវិដ។ក្នុងនោះឯកឧត្តម ហ៊ុន ម៉ា ណែតបានធ្វើការចែកអំណោយសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនិងសម្ដេចកិតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនក្នុង១គ្រួសារទទួលបាន ស្រូវពូជចំរុះ ១០០គីឡូ អង្ករ ២៥គីឡូ ទឹកត្រី ទឹកស ស៊ីអ៊ីវ ២យួរ ត្រីខ ១យួរ ម៉ុង ភួយ១ឆុត ថវិកា ៥០.០០០រៀល៕