រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ កងអនុសេនាធំអាវុធហត្ថលេខ១៧១ បានធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាប្រកបដោយសុខសុវត្ថិភាព ក្រោយបំពេញ បេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ ទទួលបានលទ្ធផលជាទីមោទនភាពជូនជាតិ។
កម្លាំងដែលធ្វើមាតុភូមិនិវត្តន៍នាពេលនេះ ជាកងទី១១ ដែលបានបំពេញបេសកកម្ម នៅសាធារណរដ្ឋស៊ូដង់ខាងត្បូងមានចំនួនសរុប ៧៣នាក់ ក្នុងនោះមាននារី ៣៣នាក់ ស្មើនឹង ៤៧ភាគរយ។ នេះជាកងដែលមាននារីច្រើនជាងគេបង្អស់ ដោយបានឆ្លុះបញ្ចាំងពីការប្តេជ្ញា ចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនការចូលរួមរបស់នារីក្នុងតំបន់បេសកកម្ម។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញទទួលកងកម្លាំងមួកខៀវកម្ពុជា ដែលបានមកដល់មាតុភូមិនាពេលនោះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា កងអនុសេនាធំអាវុធហត្ថលេខ ១៧១ បានអនុវត្តន៍ភារកិច្ចដូចកងមុនៗផងដែរ ដោយឡែក យោធិននារីក៏មានឱកាសចូលរួម សកម្មភាពការងារយ៉ាងសកម្មជូនជាតិមាតុភូមិ និងនៅលើឆាកអន្តរជាតិដូចបុរសដែរ ទោះបី ជាស្ថិតក្នុងស្ថានភាពអសន្តិសុខក៏ដោយ ដែលនេះជាការបង្ហាញពីវីរភាពរបស់កងយោធពលខេមរភូមិន្ទ។
គួរបញ្ជាក់ផងដែរថា កម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវចូលរួមបេសកកម្មរក្សា សន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ ក្នុងចំណោម៦៣ប្រទេស បរិច្ចាគកងកម្លាំង នាខែ មេសា ឆ្នាំ២០១២។ កងកម្លាំងមួកខៀវកម្ពុជា បានពង្រាយកម្លាំង និងបោះទីតាំងឈរជើងនៅ ៧គោលដៅ ក្នុង៦រដ្ឋ ដែលជាកងផ្តល់ការពារដល់ជនស៊ីវិល ធ្វើការល្បាតថ្មើរជើង និងតាម រថយន្តរយៈពេលខ្លី មធ្យម និងវែង ធ្វើការស៊ើបអង្កេតលើគ្រោះថ្នាក់ចរាចរណ៍ បទឧក្រិដ្ឋ និងអំពើហិង្សានានា ដែលបង្កឡើងដោយមួកខៀវប្រជាមួយប្រជាពលរដ្ឋ និងអនុវត្តន៍ភារ កិច្ចតាមបទបញ្ជាររបស់បេសកកម្ម។
ទន្ទឹមនោះ ក៏បានការពារក្បួនជូនឥស្សរជនជាន់ខ្ពស់មកពី អង្គការសហប្រជាជាតិ និង បណ្តាប្រទេសបរិច្ចាគកម្លាំង ដែលបានចុះទស្សនកិច្ចកងកម្លាំងរក្សាសន្តិភាពក្នុងតំបន់ បេសកកម្ម UNMISS ៕ប្រភពអាកាប៉េ