ខេត្តព្រះសីហនុ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ និងការពង្រីកកំពង់ផែខេត្តព្រះសីហនុ គ្មានអ្វីជាអាថ៌កំបាំងនោះទេ មិនដូចអ្វីដែលក្រុមប្រឆាំងមួយចំនួនលើកឡើងឡើយ។
សម្តេចបញ្ជាក់ទៀតថា គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលភ្ជាប់ពីទន្លេមកកាន់សមុទ្រ ក៏ដូចជាការអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុ គឺដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចជាតិ ជំរុញឱ្យជីវភាពរបស់បងប្អូនប្រជាពលរដ្ឋកាន់តែធូរធាឡើង។
ការថ្លែងរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីធ្វើឡើងក្នុងឱកាសអញ្ជើញ បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តម្លៃ ២៤៣លានដុល្លារ នាព្រឹកថ្ងៃទី២២ ខែធ្នូ ២០២៣។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «មានអ្នកខ្លះ គេថាអាថ៌កំបាំងនូវការធ្វើព្រែកជីកហ្វូណន ខ្ញុំមិនដឹងគេថាស្អីទេ។ អាថ៌កំបាំងស្អី ខ្ញុំមិនចាំបាច់និយាយ អាថ៌កំបាំងទេ គ្មានអ្វីត្រូវលាក់លៀមទេ ព្រោះការធ្វើព្រែកជីកភ្ជាប់ទន្លេ-សមុទ្រនេះ បូកជាមួយការអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុនេះ គ្មានអ្វីអាថ៌កំបាំងទេ គឺដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចកម្ពុជា ជួយឱ្យសេដ្ឋកិច្ចរីកចម្រើន និងធ្វើឱ្យប្រជាជនកម្ពុជាកាន់តែរីកចម្រើន ជីវភាពធូរធា នេះគឺជាកិច្ចការសំខាន់ អត់មានអីលាក់លៀមទេ»។
សូមបញ្ជាក់ថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ត្រូវបានប្រសិទ្ធនាមថាគម្រោង «ព្រែកជីកហ្វូណនតេជោ» នាសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនីតិកាលទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ និងបន្តមកនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីដំណើរការអនុវត្តគម្រោងនេះផងដែរ។
គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៉ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។
គម្រោងនេះនឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង, សាងសង់ស្ពានចំនួន ១១កន្លែង, សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ទន្លេផ្សេងៗទៀតផងដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។
តាមការសិក្សា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនរួមមាន៖ ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន, ការបង្កើតតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត, ការជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម, និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។
ពាក់ព័ន្ធនឹងគម្រោងសាងសង់ «ព្រែកជីកហ្វូណនតេជោ» នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ រវាងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដើម្បីបើកផ្លូវឱ្យក្រុមហ៊ុននេះ សិក្សាលម្អិតលើគម្រោងក្នុងរយៈពេល៨ខែ។ បន្ទាប់ពីសិក្សាចប់រយៈពេល ៨ខែនេះ គឺឈានដល់ការចរចា ដើម្បីឈានទៅចុះកិច្ចព្រមព្រៀងសាងសង់តែម្តង។
ដោយឡែក សម្រាប់គម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅ ជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តម្លៃ ២៤៣លានដុល្លារនេះ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹកសាងសង់ ១៤,៥ម៉ែត្រ។ ផែកុងតឺន័រនេះ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ៦ម៉ឺនតោន ឬស្មើនឹង ៤ពាន់ TEUs ដែលមានផ្លូវដឹកជញ្ចូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែសរុបកើនដល់ប្រមាណ ១,២៥លាន TEUs ក្នុងមួយឆ្នាំ៕ប្រភពពីវិមាន៧មករា