ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងអាជ្ញាធរស្រុក បានចុះហាមឃាត់ករណីចាក់ដីលើដីចំការ ដើម្បីផ្លាស់ប្ដូរធ្វើជាដីលំនៅឋាន បំពានច្បាប់មួយកន្លែង ស្ថិតនៅក្នុងឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
ករណីហាមឃាត់ខាងលើនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅលើទីតាំងដីមួយកន្លែងនៅមុខសាលាឃុំជលសារ ក្នុងស្រុកជល់គីរី។
លោក ដូវ គឹមស៊ីន អភិបាលស្រុកជល់គីរីឲ្យដឹងថា៖ខុសអនុក្រឹត្យ ៩៨ (ចំណីទន្លេ ចាប់ពីមាត់ច្រាំងទន្លេ ៥០ ម៉ែត្រ) អាជ្ញាធរឃុំជលសារ បានចេញលិខិតអនុញ្ញាតឱ្យ ឈ្មោះ ម៉ា សុផេង អាយុ៣៩ឆ្នាំ នៅភូមិឬស្សីដង្គួច ចាក់ដី៣០០ឡាននៅលើចំការដើម្បីធ្វើលំនៅឋាន ស្ថិតនៅមុខសាលាឃុំជលសារ ក្នុងស្រុកជល់គីរី នេះ គឺជាការអនុញ្ញាតខុសច្បាប់។ ព្រោះការកែប្រែ ដីចំការ ទៅជាដីលំនៅឋាន ត្រូវមានច្បាប់អនុញ្ញាតនិងការចាក់ដីលុបចំណីដីព្រែកក៏ជាទង្វើខុសច្បាប់ផងដែរ។ ករណីនេះ អាជ្ញាធរស្រុក បានចាត់អភិបាលរងស្រុកចុះទៅហាមឃាត់មិនឱ្យបុគ្គលខាងលើនេះចាក់ដីបន្តទៀតធ្វើ លំនៅឋាន នោះឡើយនិងក៏ត្រូវណែនាំអាជ្ញាធរភូមិឃុំឲ្យយល់អំពីច្បាប់ផងដែរ។
ក្រោយពីមានការណែនាំរបស់លោកអភិបាលស្រុកជលគិរី លោកនាយប៉ុស្តិ៍នគរ បាលរដ្ឋបាលឃុំជលសារ និងលោក ម៉ុន វុត្ថា អភិបាលរងស្រុកបានដឹកនាំកម្លាំងចុះទៅហាមឃាត់ការចាក់ដីខាងលើនេះ ដោយមិនអនុញ្ញាតឱ្យបុគ្គលខាងលើនេះធ្វើលំនៅឋាន លើដីចំការដែលធ្លាប់អាស្រ័យផលនោះឡើយ ព្រោះប៉ះពាល់ដីចំណីព្រែក ដែលក្នុងអនុក្រឹត្យបានកំណត់៕