ខេត្តព្រះសីហនុ ៖ នៅថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០២៣នេះ ជាថ្ងៃប្រវត្តិសាស្ត្រដែលនាវាទេសចរណ៍ដ៏ល្បី និងខ្នាតយក្សឈ្មោះ Westerdam បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុជាថ្មីម្ដងទៀត ដោយបាននាំភ្ញៀវទេសចរជាង២ពាន់នាក់ ក្រោយពីនាវានេះបានចូលចតកាលពី៣ឆ្នាំមុនអំឡុងកូវីដ១៩ ។ទន្ទឹមនិងនោះ រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំពិធីទទួលទេសចរ និងការរំលឹកខួប៣ឆ្នាំនៃការសុំចតរបស់នាវា Westerdam ផងដែរ។
នាវាទេសចរណ៍ខ្នាតយក្សរបស់អាម៉េរិក Westerdam នឹងត្រូវចុះចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេលពេញមួយថ្ងៃ នៅថ្ងៃទី២៨ ខែធ្នូ ដោយផ្ទុកភ្ញៀវទេសចរជាង២ពាន់នាក់។ ក្នុងចំណោមទេសចរទាំងនេះមានជាង៩០០នាក់នឹងត្រឡប់ទៅតាមនាវាវិញ រីឯជាង៦០០នាក់ទៀតនឹងនៅបន្តទស្សនាកម្ពុជា។
សូមរំលឹកថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យនាវាទេសចរណ៍ Westerdam ដដែលនេះ ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្រោយពីប្រទេសនិងកោះចំនួន៥បានបដិសេធលើការស្នើសុំចតរបស់ក្រុមហ៊ុន Holland America Line (ក្រុមហ៊ុនរបស់នាវា Westerdam) ដោយសារខ្លាចឆ្លងជំងឺកូវីដ១៩ ពីព្រោះកាលណោះគ្រប់គ្នាកំពុងព្រួយបារម្ភពីការរាតត្បាតជំងឺកូវីដ១៩ តែមិនបានគិតពីជីវិតមនុស្សដែលនៅលើនាវាទេសចរណ៍នោះ។ ការដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចឱ្យនាវាអាម៉េរិកចូលចតនេះ ក្រោមហេតុផលជួយសង្គ្រោះមនុស្ស និងបង្ហាញពីសកម្មភាពមនុស្សធម៌ ជាពិសេសលុបបំបាត់ភាពភ័យខ្លាចរបស់ពលរដ្ឋលើបញ្ហាជំងឺដែលបង្កឡើងដោយជំងឺកូវីដ១៩។
ដូច្នេះហើយទើបនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ នាវាទេសចរណ៍ Westerdam បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុម្ដងទៀត ជាមួយភ្ញៀវទេសចរជាង២ពាន់នាក់ ក្រោយចូលចតកាលពី៣ឆ្នាំនោះ ខណៈក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីទទួលទេសចរ និងការរំលឹកខួប៣ឆ្នាំនៃការសុំចតរបស់នាវា Westerdam នេះផងដែរ។
ក្នុងឱកាសចូលរួមកិច្ចស្វាគមន៍ដំណើររបស់ភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកទស្សនាកម្ពុជាតាមរយៈនាវាទេសចរណ៍ Westerdam នៅបរិវេណកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានរំលេចពីបរិយាកាសរីករាយ រួសរាយរាក់ទាក់រវាងប្រតិភូម្ចាស់ផ្ទះកម្ពុជា និងក្រុមភ្ញៀវទេសចរអន្តរជាតិដែលចុះពីលើនាវាទេសចរណ៍។
ចំពោះអ្នកដំណើរខ្លះដែលធ្លាប់ជួបរឿងរ៉ាវកាលពីឆ្នាំ២០២០អំឡុងពេលកូវីដ១៩នោះ បានរំឭកអនុស្សាវរីយ៍ឡើងវិញ និងបានបង្ហាញពីភាពកក់ក្ដៅ ការថ្លែងអំណរគុណចំពោះប្រទេសកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានសេចក្ដីសណ្ដោសប្រណីព្រមទទួលជួយពួកគេ កាលពីពេលមានវិបត្តិកូវីដនៅ៣ឆ្នាំមុននោះ៕