កុមារក្រិសក្រិននិងកុមារស្គមស្គាំង នៅតែជាបញ្ហាអាទិភាពដែលទាមទារឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធរួមគ្នាដោះស្រាយ ដើម្បីធ្វើយ៉ាងណាការពារកុំឱ្យកុមារឈានចូលទៅក្នុងដំណាក់កាលក្រិសក្រិន ជាពិសេសរួមចំណែកជួយទៅដល់កុមារស្គមស្គាំង ឱ្យវិលត្រឡប់មកមានសុខភាពល្អវិញ ។
ឯកឧត្តមវេជ្ជបណ្ឌិត ជា សំណាង អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានមានប្រសាសន៍ថា យោងតាមទិន្នន័យអង្កេតប្រជាសាស្ត្រនិងសុខភាពកម្ពុជា ឆ្នាំ២០២១-២០២២ ដែលក្រសួងផែនការនិងក្រសួងសុខាភិបាលបានធ្វើការស្រាវជ្រាវ បានបង្ហាញថា ទំហំនៃកុមារដែលមានការក្រិសក្រិនគឺមានការថយចុះ បើធៀបនឹងឆ្នាំ២០១៤ មានចំនួនរហូតដល់៣២ភាគរយ ប៉ុន្តែបច្ចុប្បន្ននេះចុះមកត្រឹម២២ភាគរយប៉ុណ្ណោះ ។ ទោះបីតួលេខនេះមានអត្រាថយចុះក៏ពិតមែន តែបើប្រៀបធៀបនៅតាមបណ្ដាប្រទេសផ្សេងៗ គឺកម្ពុជានៅតែមានអត្រាខ្ពស់ចំពោះបញ្ហាក្រិសក្រិននេះ ។ ក្នុងនោះ អត្រាប្រេវ៉ាឡង់នៃភាពស្គមស្គាំងដែលត្រូវបានគេស្គាល់ថា ជាកង្វះអាហារូបត្ថម្ភស្រួចស្រាល់ នៅតែមានអត្រា១០ភាគរយដដែល ។
ឯកឧត្តមវេជ្ជបណ្ឌិត បានបន្តថា ទាំងនេះគឺជាចំណុចដ៏សំខាន់ ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ រួមគ្នាជាមួយអង្គការដៃគូមួយចំនួន ជាពិសេសគឺអង្គការភ្លែនអន្តរជាតិកម្ពុជា សហការយ៉ាងជិតស្និទ្ធ ដើម្បីធ្វើយ៉ាងណាបញ្ហាកុមារក្រិសក្រិន និងកុមារស្គមស្គាំងមានអត្រាថយចុះជាបន្តបន្ទាប់ ។
« យើងមានបញ្ហា២ដែលធំបញ្ហាទីមួយគឺក្មេងក្រិសក្រិន គឺចង់និយាយថា កុមារអាយុច្រើនតែកម្ពស់ទាប ចឹងពាក្យថាក្រិសក្រិននេះមានផលប៉ះពាល់ច្រើនណាស់ ទៅដល់ការអភិវឌ្ឍខួរក្បាលរបស់គាត់ នៅពេលដែលកុមារធំដឹងក្ដីគឺក្មេងដែលមានបញ្ហានេះ ការរៀនសូត្រមិនដូចក្មេងដែលមានសុខភាពល្អ ការចងចាំខ្សោយ ការអភិវឌ្ឍខួរក្បាលរបស់ក្មេងក៏មានភាពយឺតយ៉ាវ ហើយនៅពេលដែលចេញធ្វើការក៏ផលិតភាពការងាររបស់ក្មេងនោះ មិនដូចក្មេងដែលមានសុខភាពល្អដែរ មួយវិញទៀតគឺអំពីបញ្ហាកុមារស្គមស្គាំង ក្មេងដែលស្គមស្គាំងទោះបីជាផលប៉ះពាល់ធ្ងន់ធ្ងរ ដូចក្មេងដែលក្រិសក្រិនក៏ពិតមែន ក៏ប៉ុន្តែក៏ដូចជាសញ្ញាមួយដែលយើងត្រូវតែរួមគ្នាដោះស្រាយបញ្ហានេះដែរ អ៊ីចឹងក្មេងដែលស្គមស្គាំងយើងអាចជួយឱ្យក្មេងនោះមានសុខភាព ដែលខុសពីក្រិសក្រិន ក្រិសក្រិនគឺជាការការពារកុំ ឱ្យកុមារមានបញ្ហាក្រិសក្រិនបាន » ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងគោលដៅរបស់ខ្លួន រួមទាំងការកាត់បន្ថយនូវបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ និងការលើកកម្ពស់អាហារូបត្ថម្ភសម្រាប់ទាំងអស់គ្នា ដោយបង្កើតឱ្យមានកិច្ចអន្តរាគមន៍ជាពហុវិស័យ សំដៅកែលម្អអាហារូបត្ថម្ភ បង្កើនលទ្ធភាពទទួលបានសេវាសុខភាពប្រកបដោយគុណភាព រួមមានការបង្កើនតំបន់គ្របដណ្ដប់ដោយការទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជាមូលដ្ឋានការត្រួតពិនិត្យការលូតលាស់របស់កុមារ និងការគ្រប់គ្រងកង្វះអាហារូបត្ថម្ភ ស្រួចស្រាល់ ៕ អត្ថបទ៖ ប្រភពអាកាប៉េ