ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់នៅមន្ទីរពេទ្យ ខណៈបញ្ជូនទៅសង្គ្រោះ និងស្ត្រីម្នាក់ទៀតរងរបួសធ្ងន់ ក្នុងករណី គ្រោះថ្នាក់ចរារណ៍រវាងម៉ូតូ និងរថយន្ត។
ហេតុការណ៍នេះកើតឡើង នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ១៤និង៥៥នាទី លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៨៦-៨៧ ត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិត្រោកលិច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ប្រភពសមត្ថកិច្ចឲ្យដឹងថា៖គ្រោះថ្នាក់នេះកើតឡើង រវាងម៉ូតូ១គ្រឿង ម៉ាកHONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1AP-0098 បើកបរដោយឈ្មោះ អូក ស៊ុន ភេទប្រុស អាយុ៧៩ឆ្នាំ រស់នៅភូមិអង្គរាំង ឃុំបឹងត្រាញ ស្រុកសំរោង ខេត្តតាកែវ និងមានឌុបប្រពន្ធ ឈ្មោះ ឈូក ថន ភេទស្រី អាយុ៦៦ ឆ្នាំ បើកពីទិសខាងជើង ទៅទិសខាងត្បូង ពេលមកដល់ចំណុចខាងលើ បានបុករថយន្តមួយគ្រឿងម៉ាក Toyota Tacoma ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខរដ្ឋ17 -2-0466 បើកបរដោយឈ្មោះ ឈួន សារឿន ភេទប្រុស អាយុ៤៥ ឆ្នាំ មានទីលំនៅបច្ចុប្បន្នក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បើកពីទិសខាងលិច ទៅទិសខាងកើត ឆ្លងផ្លូវជាតិលេខ៥ ក្នុងដំណើរខ្វែងទិសគ្នា បណ្ដាលជនរងគ្រោះជិះម៉ូតូ២នាក់ប្តីប្រពន្ធរងរបួសធ្ងន់ តែជាអកុសលបុរសជាប្តីឈ្មោះ អូក ស៊ុន បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
បច្ចុប្បន្នសពប្រគល់ឲ្យសាច់ញាតិយកធ្វើបុណ្យ ដោយឡែកអ្នកបើកបររថយន្ត ត្រូវបាននាំខ្លួនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការសាកសួរ។ ចំពោះវត្ថុតាងម៉ូតូនិងរថយន្ត ត្រូវសមត្ថកិច្ចទំនាញយកមក រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីចាត់ការតាមនីតិវិធី៕