ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងដឹកនាំដោយឯកឧត្តម ប៉ា សុខុម រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោកដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង និងក្រុមការងារបច្ចេកទេសប្រព័ន្ធធារាសាស្រ្តនៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យប្រព័ន្ធប្រឡាយមេ និងប្រឡាយរងនៅក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយបានស្តារប្រឡាយមេ ប្រឡាយរងបានប្រវែង៥៤០០ម៉ែត្រ។
ក្នុងនោះមន្ទីរ និងក្រសួងធនធានទឹក និងឧតុនិយម នឹងដាក់ម៉ាស៊ីនបូមទឹកធំៗចំនួន៧គ្រឿង ប្រេងចំនួន៣ពាន់លីត្រ លោកសេង វិចិត្រ អភិបាលស្រុករលាប្អៀរ ក៏បានឧបត្ថម្ភប្រេង ១៥០០លីត្រ ដើម្បីបូមទឹកពីបឹងធំ សង្គ្រោះស្រូវប្រាំងប្រជាពលរដ្ឋរហូតដល់ច្រូតកាត់ ។
ដោយឡែកការជួយសង្គ្រោះស្រែប្រាំងនៅក្នុងឃុំគោកបន្ទាយ មកដល់ថ្ងៃនេះបានប្រមាណ៣៨០ហិកតាក្នុងចំណោមស្រូវខ្វះទឹក៤០០ហិកតា ៕