ខេត្តកំពង់ឆ្នាំង ៖ បុគ្គលឹកអគ្គីសនីម្នាក់បានឡើងបង្គោលដោះខ្សែភ្លើងចេញដើម្បីរំកិលបង្គោលចេញ តែសង្ស័យខុសបច្ចេកទេស បណ្តាលឲ្យឆក់ទើនៅផ្ទៃខាងលើបង្គោលភ្លើង តែជាអកុសល ត្រូវបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ហេតុការនេះនៅម៉ោងប្រមាណ១០និង១០នាទីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចព្រែកល្វា ស្ថិតក្នុងភូមិភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
សាក្សីនៅទីនោះឲ្យដឹងថា៖ មុនកើតហេតុជនរងគ្រោះឡើងទៅលើបង្គោលភ្លើងដើម្បីដោះខ្សែភ្លើងរំកិលបង្គោលចេញកុំឲ្យទើសផ្លូវប្រជាពលរដ្ឋបើកបរឆ្លងកាត់ ពេលនោះជនរងគ្រោះបានឡើងទៅលើបង្គោល បានប៉ះខ្សែភ្លើងបណ្ដាលឲ្យឆក់ជនរងគ្រោះសន្លប់បាត់មាត់ឈឹងនៅលើបង្គោល។ពេលនោះក្រុមការងារខាងអគ្គិសនីឃើញដូច្នេះ បាននាំគ្នាឡើងទៅយកជនរងគ្រោះចុះមកដីរួចបានលើកជនរងគ្រោះដាក់លើរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ពេលទៅដល់មន្ទីរពេទ្យជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ប្រភពសមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា៖ ជនរងគ្រោះមានឈ្មោះ សុខ តេង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ជាក្រុមការងារ អគ្គិសនីខេត្តកំពង់ឆ្នាំង រស់នៅភូមិទឹកល្អក់ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្រោយពេលធ្វើការពិនិត្យសាកសពរួចរាល់ហើយត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕