ខេត្តកំពង់ធំ ៖ អាជ្ញាធរខេត្តកំពង់ធំ ចេញបទបញ្ជារលុបក្បាលប្រឡាយបង្ហូរទឹកទៅកាន់តំបន់បីដែលជាដីរក្សាទុករបស់រដ្ឋ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ក្រោយពីពិនត្យឃើញថា មានការលបលួចធ្វើប្រឡាយដោយខុសច្បាប់ ពីជនខិលខូច។
លោក ពេញ កែម អភិបាលក្រុងស្ទឹងសែនឲ្យដឹងថា៖ ការលុបក្បាលប្រឡាយនេះគឺអនុវត្តន៍នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ តាមអនុសាស្រ្តរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក្រោមការសម្របសម្រួលពីលោក ផៃ តុងហួរ ព្រះរាជរងអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ។ លោកបន្តថា បន្ទាប់ពីទទួលបានអនុក្រឹត្យលេខ ២៨ អនក្រ.បក ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ស្តីពីការ កែសម្រួលផ្ទៃដី ទំហំ ២៧,៧៧៤ហិកតា ៧០អា ចេញពីតំបន់៣ បញ្ចូលមកតំបន់ ២ នៃបឹងទន្លេសាប ស្ថិតនៅ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ និងអនុញ្ញាតឲ្យប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផល។ ហើយក្នុងនោះ ភូមិសាស្រ្ត ក្រុងស្ទឹងសែន មានទំហំ ៣,៦១៦ហិកតា ១៣អា សម្រាប់ប្រជាពលរដ្ឋអាស្រ័យផលរួចមក គណៈបញ្ជាការឯកភាព ក្រុងស្ទឹងសែន តែងតែចុះពិនិត្យ និងផ្សព្វផ្សាយ តាមវេទិការសាធារណៈនានា ដើម្បីឲ្យប្រជាពលរដ្ឋបានជ្រាបពីទីតាំងដីរក្សាទុករបស់រដ្ឋ មិនឲ្យរុករានកាន់កាប់អាស្រ័យផលបន្ត។
ទោះជាបែបនោះក្តី ក៏មានជនខិលខូចមួយចំនួនតូច នៅតែបន្តលួច ចូលទន្ទ្រាន និងឈានដល់ការកាយប្រឡាយថែមទៀត។ សកម្មភាពលុបក្បាលប្រឡាយទឹកនេះ មិនមែនធ្វើសម្រាប់តែដីរក្សាទុក ក្នុងភូមិសាស្រ្តក្រុងស្ទឹងសែន ប៉ុណ្ណោះនោះទេ នៅស្រុកចំនួនប្រាំទៀត ដូចជា ស្រុកតាំងគោក ស្រុកបារាយណ៍ ស្រុកសន្ទុក និងស្រុកកំពង់ស្វាយ ក៏អនុវត្តន៍ព្រមគ្នាផងដែរ។
លោកអភិបាលក្រុងបញ្ជាក់បន្ថែមថា ៖កន្លងទៅថ្មីៗនេះ ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានដាក់បទបញ្ជារដល់ គណៈបញ្ជារឯកភាពក្រុង ស្រុក ឲ្យចុះពិនិត្យ និងធ្វើបច្ចុប្បន្នភាពដីរក្សាទុកឡើងវិញ។ ក្រោយពីទទួលបទបញ្ជារ រួចមក គណៈបញ្ជាការឯកភាពក្រុង បានដាក់ក្រុមការងារជំនាញផ្នែកសុរិយោដី ចុះវាស់វែងជាក់ស្តែងលើផ្ទៃដី រក្សាទុករបស់រដ្ឋ ក្នុងភូមិសាស្រ្ត ប្រមាណ១,៥១៤ ហិកតា ៤៨អា( ដីមិនទាន់កាត់ឆ្វៀល)ក្នុងនោះរកឃើញ ករណីរំលោភអាស្រ័យផល សរុប ៦៣៥ហិកតា ៣៧អា។ ដើម្បីទប់ស្កាត់នូវការរំលោភនេះ គណៈបញ្ជាការឯកភាពក្រុង ពិនិត្យឃើញថា ក្រុមជនខិលខូច បានកាយប្រឡាយភ្ជាប់ពីដីដែលរដ្ឋាភិបាលបានកាត់ឆ្វៀលឲ្យអាស្រ័យផល ដោយយកប្រភព ទឹកពីទឹកស្ទឹងស្លាប់ ធ្វើឲ្យប្រភពទឹកគោករីងស្ងួត ប៉ះពាល់ដល់មឆ្ឆាជាតិផងដែរ។
លោកអភិបាលក្រុងបញ្ជាក់ បន្ថែមថា ទីតាំងដែលត្រូវលុបក្បាលប្រឡាយទឹកមានពីរទីតាំង ស្ថិតនៅក្នុងតំបន់ដីរក្សាទុករបស់រដ្ឋ រួមមាន ក្បាលប្រឡាយតំបន់គោកព្រះ និងក្បាលប្រឡាយតំបន់ខ្ទម្ភមួយដើម ស្ថិតនៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ។ លោកអំពាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួម ជាមួយអាជ្ញាធរ ការពារដីរក្សាទុករបស់រដ្ឋ និងធ្វើការរាយការណ៍បន្ទាន់ទៅកាន់អាជ្ញាធរពាក់ព័ន្ធ ក្នុងករណីប្រទះឃើញការលបលួចចូលទន្ទ្រាន ដោយខុស ច្បាប់លើដីរក្សាទុកបន្តទៀត៕