ខេត្តកំពង់ឆ្នាំង ៖ ស្រូវប្រាំងរបស់ប្រជាកសិករចំនួនជាង៧០០ហិកតា ក្នុងភូមិសាស្រ្តឃុំខុនរ៉ង់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលកំពុងជួបប្រទះនូវការក្រៀមស្វិតដោយសារតែគ្មានទឹកស្រាចស្រព ខណៈនេះត្រូវបានឯកឧត្តម អភិបាលខេត្ត និងមន្ទីរធនធានទឹក រួមទាំងក្រុមការងារអាជ្ញាធរមូលដ្ឋាន កំពុងមមាញឹកក្នុងការចុះពិនិត្យ ដាក់គ្រឿងចក្រជីកកាយប្រឡាយបង្ហូរទឹក និងដាក់ម៉ាស៊ីនបូមទឹកខ្នាតធំ នៅតាមបណ្ដាទីតាំង ដើម្បីសង្គ្រោះស្រូវប្រាំងខាងលើនេះឲ្យបានទាន់ពេលវេលា។
ក្នុងនោះឯកឩត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង សម្រេចបញ្ជូនគ្រឿងចក្រចំនួន២គ្រឿងជីកប្រឡាយមួយខ្សែដែលមានប្រវែងជាង៣ពាន់ម៉ែត្រ និងដាក់ម៉ាស៊ីនបូមទឹកធុនធំ ដើម្បីនាំទឹកពីទន្លេ យកមកស្រោចស្រពស្រូវប្រាំងរបស់ប្រជាពលរដ្ឋដែលរងការក្រៀមស្វិតចំនួនជាង៧០០ហិកតា ស្ថិតនៅភូមិសាស្រ្តខាងលើនេះ៕