រាជធានីភ្នំពេញ ៖ នៅក្នុងឱកាសចូលរួមជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានជំរុញអាជ្ញាធរទន្លេសាប និងស្ថាប័នពាក់ព័ន្ធ ឲ្យបន្តអនុវត្តការចុះបញ្ជីដីធ្លី និងកំណត់ព្រំដែននៅតំបន់ព្រៃលិចទឹកជុំវិញបឹងទន្លេសាប ប្រកបដោយសុក្រឹតភាព ចីរភាព និងបរិយាបន្ន ដើម្បីថែរក្សាព្រៃលិចទឹក ត្រី ជាពិសេសជីវៈចម្រុះ សម្រាប់ផលប្រយោជន៍រួម និងមនុស្សជំនាន់ក្រោយ។
នាឱកាសនោះ សម្តេចធិបតី បានប្រកាសប្រើធម៌ក្តៅទាក់ទងនឹងដីអភិរក្សបឹងទន្លេសាប «តំបន់៣» ដោយត្រូវអនុវត្តនូវអភិក្រមទាំង ៥ របស់អតីតនាយករដ្ឋមន្ត្រីសម្តេច ហ៊ុន សែន ផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅឆ្នាំ ២០១១ អនុក្រឹត្យបានកំណត់ដីព្រៃលិចទឹកស្ថិតនៅក្នុងតំបន់ ៣ ឱ្យទៅជាតំបន់ការពារដាច់ខាត។ ប៉ុន្តែការកំណត់នោះកន្លងទៅ គឺមិនបានយកចំណុចដែលមានភូមិនៅទីនោះយូរពីមុនមក ទើបអតីតនាយករដ្ឋមន្ត្រីសម្តេច ហ៊ុន សែន បានគិតគូរនៅក្នុងការកែសម្រួលនៅក្នុងតំបន់នេះជាក់ស្តែង។ ក្នុងនោះ បានកែពីតំបន់ ៣ មួយចំនួន ទៅជាតំបន់ ២ ដែលប្រជាពលរដ្ឋមានសិទ្ធិបង្កបង្កើនផល អាស្រ័យផល និងកែពីតំបន់ ២ ទៅតំបន់ ១ ដែលជាតំបន់ប្រជាពលរដ្ឋអាចមានសិទ្ធិធ្វើកម្មសិទ្ធិលំនៅឋាន។
ទន្ទឹមនោះសម្តេចធិបតី ក៏បានបញ្ជាក់ថា ក្រោយពីបទដ្ឋាននិងការវិវត្តនេះ គឺមានករណីរំលោភបំពានធ្ងន់ធ្ងរនៅឆ្នាំ ២០២១ និងឆ្នាំ ២០២២ ហើយសម្តេចតេជោ ក៏ បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងនៅក្នុងការកំណត់ភូមិសាស្ត្រផ្អែកទៅលើស្ថានភាពជាក់ស្តែង ព្រោះយើងត្រូវមានសុខដុមនីយកម្មរវាងបរិស្ថាន និងមនុស្ស។ សម្តេចថា ការកំណត់ត្រូវធានាទាំងមនុស្សក៏បានផល និងបរិស្ថានចាំបាច់ក៏ត្រូវការពារ ហើយបរិស្ថានទន្លេសាប គឺដើម្បីមនុស្ស ហើយការថែរក្សាព្រៃលិចទឹកជាជម្រកត្រីពង បើត្រីខ្សត់នោះនឹងទិញត្រីចូល ហើយឆ្នាំនេះឃើញផលត្រីកើនឡើងល្អ។
សម្តេចធិបតីបន្តថា រាជរដ្ឋាភិបាលអាណត្តិទី ៧ នេះ គឺនឹងបន្តកិច្ចការងារនេះគឺត្រូវធ្វើឱ្យចប់ដោយសុក្រឹតភាព និងប្រសិទ្ធភាពតាមគោលការណ៍ដែលបានដាក់ចេញ។
យ៉ាងណាក៏ដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ពិតណាស់ក្រសួងកសិកម្មមិនពាក់ព័ន្ធផ្ទាល់ប៉ុន្មានទេ ពាក់ព័ន្ធអាជ្ញាធរទន្លេសាប អាជ្ញាធរមូលដ្ឋានផ្សេងៗ ប៉ុន្តែកសិកម្មក៏ពាក់ព័ន្ធរឿងមច្ឆា ហើយអាជ្ញាធរដែលទទួលខុសត្រូវគឺអាជ្ញាធរទន្លេសាប។
សម្តេចធិបតីបន្តថា ប្រសិទ្ធភាពការងារនៅពេលនេះគឺការពារឱ្យបានជាដាច់ខាតនូវតំបន់បឹងទន្លេសាបដែលជាទ្រព្យសម្បត្តិរួមរបស់ជាតិដែលកិច្ចការងារនេះ អាជ្ញាធរទន្លេសាប អាជ្ញាធរដែនដីនិងកងកម្លាំងសមត្ថកិច្ចត្រូវចូលរួមអនុវត្តឱ្យបានហ្មត់ចត់ ជាពិសេសពាក់ព័ន្ធការទន្ទ្រានព្រៃទឹកសាប៕