ខេត្តកំពង់ធំ ៖ មន្ត្រីបរិស្ថានស្រុកស្ទោងម្នាក់ បានបើកបរក្នុងស្ថានភាពស្រវឹង បង្ករគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់ភ្លាមៗ នៅកន្លែង។
ករណីនេះនៅម៉ោងប្រមាណ១៤និង២៥នាទីល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិរលួស ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
ប្រភពនៅទីនោះអះអាងថា ៖ ជនបង្កឈ្មោះលោកអែម សំអ៊ុន មានតួនាទីប្រធានការិយាល័យបរិស្ថានស្រុកស្ទោង ចំណុះឲ្យការិយាល័យកសិកម្មស្រុក បើកបររថយន្ត ម៉ាកHIGLANDER ពាក់ផ្លាកលេខ ភ្នំពេញ:2BA.3682 បើកបរក្នុងស្ថានភាពស្រវឹងស្រា បើកបុកពីក្រោយអ្នកលក់ផ្លែស្រកានាគ បណ្ដាលឲ្យស្លាប់ម្នាក់នៅកន្លែងកើតហេតុ ហើយរថយន្តបានបន្តជ្រុលទៅបុកតូបនៅក្បែរនោះបណ្ដាលឲ្យខូចខាតប៉ែកខាងមុខផងដែរ។
ប្រភពដដែលបន្តឲ្យដឹងថា ៖ ជនរងគ្រោះមានឈ្មោះ ផល នន់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
បច្ចុប្បន្នទាក់ទងទៅសាច់ញាតិដើម្បីយកសពទៅធ្វើបុណ្យ។ ពាក់ព័ន្ធករណីខាងលើ យើងពុំអាចសុំការបំភ្លឺពីលោកជឹម រីណា អធិការនគរបាលស្រុកស្ទោងដែលទើបតែ កាន់តំណែងថ្មីបានទេ ដោយមិនឆ្លើយតប។
ដោយឡែក មានប្រភពពីប្រជាពលរដ្ឋបានប្រាប់ថា ជនបង្កកំពុងតែរៀបចំរត់ការដោះស្រាយក្រៅប្រព័ន្ធ ស្របពេលដែលនគរបាលចរាចរណ៍ផ្លូវគោកកំពុងរឹតបន្តឹងការអនុវត្តច្បាប់ មិនលើកលែងដាច់ខាតជនដែលប្រព្រឹត្តល្មើស៕