លោកវេជ្ជបណ្ឌិត សុខ ប៉ូ នាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានលើកឡើងនៅក្នុងព្រឹត្តិការណ៍ បរិច្ចាគឈាម ក្រោមប្រធានបទ ”ឈាមខ្ញុំជារបស់អ្នក ឈាមអ្នកជារបស់ខ្ញុំ” កាលពីថ្ងៃទី០៣ខែកុម្ភៈ ឆ្នាំ២០២៤ថា ជារៀងរាល់ ៥នាទីម្ដង កម្ពុជាត្រូវការឈាម ១ប្លោក ហើយតម្រូវការប្រចាំថ្ងៃ មានចន្លោះពី៣០០ទៅ៤០០ប្លោក ដើម្បីសង្គ្រោះជីវិតមនុស្ស ខណៈការស្ម័គ្រចិត្តផ្តល់ឈាមមានចំនួនប្រមាណ ២០ភាគរយប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ នាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានលើកឡើងថា ព្រឹត្តិការណ៍បរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ “ឈាមខ្ញុំជារបស់អ្នក ឈាមអ្នកជារបស់ខ្ញុំ” គឺជាព្រឹត្តិការណ៍ដ៏មាន អត្ថន័យ ហើយក៏ជាការបង្កើតទម្លាប់និងវប្បធម៌បរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅទូទាំងប្រទេស ដើម្បីធានា ឱ្យការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺនៅគ្រប់មន្ទីរពេទ្យទាំងអស់ដោយមិនមានការរើសអើង។
លោកវេជ្ជបណ្ឌិតពន្យល់ថា ការបរិច្ចាគឈាមបានត្រឹមត្រូវ មិនប៉ះពាល់ដល់សុខភាពទេ មានទំាង ផ្តល់ អត្ថប្រយោជន៍យ៉ាងខ្លាំងដល់សុខភាព ដូចជា ជួយឱ្យប្រសើរឡើងនូវសុខភាពបេះដូង ការលើសទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល បន្ថែមលើនោះ អ្នកនឹងដឹងពីស្ថានភាពឆ្លង ឬមិនឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺរលាកថ្លើម ស្វាយ អេដស៍ ។ល។ ក្នុងនោះការធ្វើតេស្តឈាមត្រូវបានរក្សាការសម្ងាត់ និងមិន គិតថ្លៃឡើយ។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ នាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាម បន្តថា នៅក្នុងឆ្នាំ២០២៣កន្លងមក តម្រូវការឈាម សម្រាប់តែរាជធានីភ្នំពេញ នៅរៀងរាល់ ៥នាទី មានប្រជាពលរដ្ឋត្រូវការឈាម ដើម្បីសង្គ្រោះ ហើយតម្រូវការប្រចាំថ្ងៃមានចន្លោះពី៣០០ទៅទៅ៤០០ប្លោក រីឯតម្រូវការទូទាំងប្រទេស កម្ពុជាត្រូវការឈាមប្រមាណ ១៤ម៉ឺនប្លោកក្នុងមួយឆ្នាំ។
លោកបន្ថែមថា ក្នុងចំនួនខាងលើ មជ្ឈមណ្ឌលជាតិផ្តល់ឈាម មានសមត្ថភាពផ្គត់ផ្គង់ឈាមប្រមាណ ៧៥ភាគរយនៃតម្រូវការសរុប ដោយឡែកការស្ម័គ្រចិត្តផ្តល់ឈាមមានត្រឹមតែ ២០ភាគរយប៉ុណ្ណោះ៕ប្រភពអាកាប៉េ