ខេត្តកំពង់ឆ្នាំង ៖ ស្រុកកំពង់លែង ទទួលបាននូវការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដើម្បីសង្គ្រោះស្រែប្រាំងរបស់ប្រជាពលរដ្ឋដែលកំពុងរងនូវការខ្វះខាតទឹក ក្នុងស្រុកកំពង់លែង នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ឯកឧត្តម សាន់ យូ អភិបាលរង បានដឹកនាំក្រុមការងាថ្នាក់ស្រុក មានលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង លោក ពុំ សុផល និងលោក ឆេង ផល្លា ជាអភិបាលរងស្រុក អាជ្ញាធរឃុំ ក្រុមយុវជន សសយក និងកងកម្លាំង បានចុះជួបសំណេះសំណាល ជាមួយប្រជាកសិករ នៅក្នុងឃុំពោធិ៍ ស្រុកកំពង់លែង ដែលកំពុងរងការខ្វះខាតទឹក។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលរងខេត្ត បាននាំយក ថវិកា ២លានរៀល និងប្រេងម៉ាស៊ុត ១៥០លីត្រ ជូនប្រជាកសិករឃុំពោធិ៍ ស្រុកកំពង់លែង សម្រាប់ជាមធ្យោបាយបូមទឹក សង្គោះស្រែប្រាំង លើផ្ទៃដីជិត ៥០០ ហិកតា នៅចំណុចបឹងលាងជើង និងបឹងខ្នាយរំាង និងបន្តចុះពិនិត្យការស្តារប្រឡាយមេ ក្នុងតំបន់ ២ ក្នុងឃុំត្រងិល និងស្វាយរំពារ។
ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង លើកឡើងថា៖ អនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដើម្បីចុះតាមគោលដៅដែលប្រជាពលរដ្ឋធ្វើស្រែខ្វះខាតទឹក ក្រុមការងារបានចុះមកផ្ទាល់ ហើយទីនេះជាគោលដៅទីមួយ ដែលបានដាក់បូមទឹកពីរទន្លេមកអាងស្តុបទឹកចាស់ បូមបន្តចែកចាយជូនប្រជាពលរដ្ឋ ប្រមាណជិត៤០០ហិកតា ជាកន្លែងទទួលរងខ្វះខាតទឹក។
នៅព្រឹកថ្ងៃដដែល ឯកឧត្តមអភិបាលរងខេត្ត បានបន្តដំណើរជាមួយនឹងក្រុមការងារ ដើម្បីពិនិត្យទៅលើការស្ដារប្រឡាយមេ ស្ថិតនៅក្នុងឃុំស្វាយរំពារ និងឃុំត្រងិល ដែលអាចស្រោចស្របផ្ទៃដីលើស្រែប្រាំងជាង១០០០ហិកតា បច្ចុប្បន្ននេះក្រុមការងារក្នុងការស្ដារប្រឡាយបានសម្រេច ៩០%។
បន្ទាប់ពីបានទទួលបានការឧបត្ថមប្រេងម៉ាស៊ូត រួចមក ប្រជាកសិករ នៅតំបន់នោះសម្តែងអារម្មណ៍ និងទឹកចិត្តសប្បាយ រីករាយជាពន់ពេក ខណៈដែលរដ្ឋបាលខេត្តកំពង់ឆ្នាំង ជាពិសេសថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់ក្នុងការខ្វះខាត និងសង្គ្រោះ ដោះស្រាយរាល់កង្វល់របស់ប្រជាពលរដ្ឋបានទាន់ពេលវេលា៕