ខេត្តព្រះសីហនុ ៖ តុលាការបានសម្រេចផ្តន្ទាទោសជនជាតិចិនតៃវ៉ាន់ពីរនាក់ ដែលផលិតវីដេអូបំផ្លើសការពិត និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ រយៈពេល២ឆ្នាំ និងពិនយ័ជាប្រាក់ ៤លានរៀលក្នុងម្នាក់ៗ។នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ ។
តាមសេចក្តីប្រកាសព័ត៌មានបានរៀបរាប់ ស្តីពីចំណាត់ការលើសំណុំរឿងពាក់ពន្ធ័នឹងករណីញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម បង្កដោយជនជាតិចិន(តៃវ៉ាន់) ឈ្មោះ CHEN NENG CHUAN ភេទប្រុស អាយុ៣១ ឆ្នាំ និងឈ្មោះ LU TSU HSIEN ភេទប្រុស អាយុ៣៤ ឆ្នាំ ដែលបុគ្គលទាំងពីរនាក់នេះ បានចូលមកប្រទេសកម្ពុជា ក្នុងគោលបំណងផលិតវីដេអូ បំផ្លើសការពិតអំពីសកម្មភាពពាក់ពន្ធ័នឹងការជួញដូរមនុស្ស ការបង្ខាំងធ្វើទារុណកម្ម អំពើចាប់រំលោភ និងការលក់សេរីរាង្គមនុស្ស។
អ្នកនាំពាក្យបានបន្តថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅអគារមួយក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បុគ្គលទាំងពីររូបខាងលើបានថតសម្តែង ផ្សាយផ្ទាល់ចេញពីគណនី Facebook ឈ្មោះ WA AN XIAO JI ដែលមានសកម្មភាពត្រូវបានសន្តិសុខចាប់ខ្លួន និងវាយដំ។ ហើយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បុគ្គលទាំងពីររូបខាងលើបានថតសម្តែងផ្សាយផ្ទាល់សារជាថ្មីម្តងទៀត ចេញពីទីតាំងម្តុំឆៃណាថោន ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានសកម្មភាពរត់គេចខ្លួន មានការភយ័ខ្លាច និងនិយាយជាភាសាចិនមានអត្ថនយ័ថា ខ្លូនត្រូវបានគេតាមចាប់វាយធ្វើបាប និងស្រែកឲ្យគេជួយ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្រោយពីបានស្តាប់ចម្លើយ និងពិនិត្យភស្តុតាង តំណាងអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចចោទប្រកាន់ និងបញ្ជូនឈ្មោះ CHEN NENG CHUAN និងឈ្មោះ LU TSU HSIEN ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីជំនុំជម្រះ តាមនីតិវិធីនៃការបង្ហាញខ្លួនភ្លាម ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
សាលាដំបូងខេត្តព្រះសីហនុ បានបើកសវនាការជាសាធារណៈ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីជំនុំជម្រះលើសំណុំរឿងខាងលើ ទៅតាមនីតិវិធីច្បាប់ ហើយបានប្រកាសសាលក្រមលេខ ៩៩/១៤”ឋ”ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយសម្រេចផ្តន្ទាទោសឈ្មោះ CHEN NENG CHUAN ភេទប្រុស អាយុ៣១ ឆ្នាំ ជនជាតិចិន(តៃវ៉ាន់) និងឈ្មោះ LU TSUHSIEN ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិចិន (តៃវ៉ាន់) ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល២ ឆ្នាំ និងពិនយ័ជាប្រាក់ក្នុងម្នាក់ៗចំនួន ៤ លានរៀល ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕