ខេត្តរតនគិរី ៖ ដីព្រៃឈើរាប់រយហិកតាត្រូវបានក្រុមឈ្មួញទន្ទ្រានរុករានកាប់បំផ្លាញយកដីធ្វើជាកម្មសិទ្ធិ ពីសំណាក់មេក្លោងមួយចំនួន បំផុសឲ្យប្រជាពលរដ្ឋចូលមកកាប់ ហើយធ្វើជាល្បិចធ្វើសាលាឆទាននៅកណ្តាលព្រៃ មានព្រះអង្គគង់នៅកន្លែងនោះផងដែរ។
ក្នុងប្រតិបត្តិការនេះដែរ ក្រុមឈ្មួញជាមេក្លោងដែលកាប់បំផ្លាញព្រៃឈើនៅពីក្រោយ បានធ្វើសកម្មភាពប្រឈមនិងសមត្ថកិច្ចឡោមព័ន្ធរថយន្តរបស់កម្លាំងសមត្ថកិច្ចចម្រុះដែលចុះត្រួតពិនិត្យដីព្រៃឈើ ។
រដ្ឋបាលខេត្តរតនគិរីចេញសេចក្តីជូនដំណឹងលេខ៖ ០៩១/២៤ ស ជ ណ ថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៤ យោងច្បាប់ស្តីពីព្រៃឈើ ឆ្នាំ២០០២លិខិតលេខ ១៤៥ សជណ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។រដ្ឋបាលខេត្តរតនគិរី មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់សាធារណៈជន ប្រជាពលរដ្ឋ ក្នុងខេត្តរតនគិរី ជាពិសេស អ្នកកំពុងទន្ទ្រាននិងអ្នកប៉ុនប៉ងទន្ទ្រានដោយខុសច្បាប់លើដីស្ថានីយស្តារព្រៃឈើឡើងវិញ របស់ក្រសួងកសិកម្ម រុក្ខាម្រមាញ់ និងនេសាទ ជ្រាបថា៖ រាជរដ្ឋាភិបាលបានប្រគល់ទីតាំងដីស្ថានីយស្តារព្រៃឈើ ឡើងវិញ ស្ថិតនៅស្រុកកូនមុំ ខេត្តរតនគិរី ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប៉ុន្តែកន្លងមកសង្កេត ឃើញថាមានសកម្មភាពរំលោភទន្ទ្រានកាន់កាប់ដីនេះដោយខុសច្បាប់។
រដ្ឋបាលខេត្តរតនគិរី សូមស្នើប្រជាពលរដ្ឋពាក់ព័ន្ធទាំងអស់ បញ្ឈប់ការជឿលើមេក្លោង មេខ្យល់ ដែល អូសទាញ ញុះញង់ឲ្យចូលកាប់រុករានទន្ទ្រានដីព្រៃរបស់រដ្ឋខុសច្បាប់ ត្រូវចាកចេញជាបន្ទាន់ពីទីតាំងដីស្ថានីយ ស្តារព្រៃឈើឡើងវិញ។ករណីមិនអនុវត្តតាមការជូនដំណឹងខាងលើ ក្រុមការងារចម្រុះនិងអាជ្ញាធរមានសមត្ថកិច្ចចុះអនុវត្ដ យ៉ាងម៉ឺងម៉ាត់នូវច្បាប់ដែលចូលជាធរមាន។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញពីលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី លោក ខ័ណ្ឌ ចំណន អភិបាលរងខេត្ត បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះរួមមាន: កម្លាំងជំនាញរដ្ឋបាលព្រៃឈើ កម្លាំងបរិស្ថាន កម្លាំងស្នងការរងខេត្តមន្ត្រីសុរិយោដីខេត្តមេបញ្ជាការរងកងរាជអាវុធខេត្តលោកអភិបាលរងស្រុកកូនមុំកងរាជអាវុធហត្ថស្រុកកូនមុំអធិការស្រុកកូនមុំ។
ដើម្បីចុះត្រួតពិនិត្យជាក់ស្ដែងអំពីស្ថានភាពការកាប់បំផ្លាញទន្ទ្រានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ចំនួន ៤ទីតាំង ស្ថិតក្នុងភូមិកាំបាក់ ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី ជាលទ្ធផល ទីតាំងទី១ ត្រង់ចំណុចទំពាំងកំភេន និយាមកាលេខ០៦៨៣២១០-១ ៥១៦ ៧៦៩ ទីតាំងទី២ ត្រង់ចំណុចជើងភ្នុំគ្រែខាងត្បូងនិយាមកាលេខ០៦៨២៨១៩-១៥១៧២៧៤ ទីតាំងទី៣ ត្រង់ចំណុចខ្នងភ្នុំគ្រែនិយាមកាលេខ០៦៨២៤៣៦-១៥១៩១៤៣ និងទីតាំទី៤ ស្ថិតនៅជើងភ្នុំគ្រែខាងជើងនិយាមកាលេខ០៦៨២៣៣៩-១៥២០១៧៩ ដែលបានកាប់ទន្ទ្រានភាគច្រើនជាដីកាប់រានចាស់ និងថ្មី តែបច្ចុប្បន្នដីខាងលើខ្លះៗត្រូវបានប្រជាពលរដ្ឋដាំដំឡូងមី ខ្លះទៀតដាំកៅស៊ូស្វាយចន្ទីនឹងកសាងសាលាបុណ្យមិនទាន់ប្រក់ដំបូលនឹងមានព្រះសង្ឃគង់នៅចំណុចទី៤ខាងលើ។
ចំណែកដីដែលបានកាប់រុករានទាំង៤ទីតាំងខាងលើនេះ នៅមិនទាន់ដឺងចំនួនហិកតានៅឡើយទេ រង់ចាំគណកម្មការគ្រប់គ្រងដីរដ្ឋពិនិត្យជាក់ស្ដែងសិន ដោយសារនៅតំបន់នោះ មានការស្មុគស្មាញ ខណៈព្រៃជ្រៅមានតែប្រើដ្រូនបង្ហោះពីលើ បានដឹងផ្ទៃដីពិតប្រាកដ៕