សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាស៊ាន(UMA)បានប្រកាសនិងប្រគល់លិខិតនៃការទទួលស្គាល់សមាសភាពគណ:កម្មាធិការនាយកនិងទីប្រឹក្សាថ្មីប្រចាំប្រទេសថៃនិងកម្ពុជា។
ពិធីនោះធ្វើឡើងនៅសួនសប្បាយ ភ្លើនផាន់ម៉ៃ ស្រុកអាំផាក់វ៉ាខេត្តសមុទ្រសង្គ្រាម ប្រទេសថៃ កាលពីរាត្រីថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ ក្រោមវត្តមានដឹកនាំដោយលោកសាស្ត្រាចារ្យបណ្ឌិត ប្រាស៊ើដ្ឋ សែនរុងរឿង អគ្គលេខាធិការសមាគមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាស៊ាន(Union Media of ASEAN (UMA) លោកបណ្ឌិតសាស្ត្រាចារ្យ ប្រយ សម្បត្តិ អគ្គលេខាធិការរងសមាគមនេះ ទទួលបន្ទុកប្រទេសថៃ លោកបណ្ឌិតសាស្ត្រាចារ្យ សុខ សុវណ្ណ អគ្គលេខាធិការង ទទួលបន្ទុកប្រទេសកម្ពុជា ។
លោកបណ្ឌិតប្រាស៊ើដ្ឋ សែនរុងរឿង បានថ្លែងថា : សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន(UMA) បង្កើតឡើងកាលពីថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១០ នៅសណ្ឋាគារថងថារិន ខេត្តសុរិន្ទ ជាទីដែលសមាគមបានបើកកិច្ចប្រជុំថ្នាក់កណ្តាលប្រចាំឆ្នាំកាលពីថ្ងៃទី១៨-២០ខែសីហាឆ្នាំ២០២៣ កន្លងមក ហើយប្រកាសតែងតាំងសមាសភាពថ្នាក់ដឹកនាំនិងសមាសភាពគណ:កម្មាធិការនាយក ទីប្រឹក្សាជាន់ខ្ពស់ ទីប្រឹក្សា សមាជិកអាណត្តិទី៤ សម្រាប់រយ:ពេល៥ឆ្នាំ(២០២៣-២០២៧ ) បន្ត ។
តមក នៅក្នុងខែវិច្ឆិកាឆ្នាំ២០២៣ មានកិច្ចប្រជុំគណ:កម្មាធិការនាយកម្តងទៀតនៅទីស្នាក់ការកណ្តាលសមាគមនាស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវដើម្បីពិនិត្យ ពិភាក្សានិងកែសម្រួលសមាសភាពដូចខាងលើ ហើយនាពេលនេះសមាគមសម្រេចចេញសេចក្តីសម្រេចនិងទទួលស្គាល់សមាសភាពគណ:កម្មាធិការនាយក ទីប្រឹក្សាជាន់ខ្ពស់ ទីប្រឹក្សា សមាជិកអាណត្តិទី៤ និងក៏ពិនិត្យលទ្ធផលវឌ្ឍនភាពនិងទិសដៅការងារបន្ត ។
លោកស្រី ឈានី យ៉ុនយ៉ាត (អយ) ប្រធានអង្គភាពព័ត៌មាននៃសាលាខេត្តសមុទ្រសង្គ្រាមមានប្រសាសន៍ថា: ភាសាអ្នកស្រុកហៅខេត្តនេះថាមេខ្លង(Maeklong) ។ វាមានទំហំតូចជាងគេ ស្ថិតនៅភាគកណ្តាលប្រទេសថៃ មានផ្ទៃដីតែ៤១៦,៧ គីឡូម៉ែត្រក្រឡា មាន៣ស្រុកគឺស្រុកបាងគន្ធី អាំផ:វ៉ា និងមេខ្លង ។
ប៉ុន្តែជាខេត្តសក្តានុពលសេដ្ឋកិច្ចនឹងតំបន់ផលិតកម្មខាងកសិកម្មមានដូងក្រអូប ក្រូចថ្លុងផ្អែម សិប្បកម្ម សេវាកម្មនិងមានតំបន់ទេសចរណ័ដែលបម្រើអោយសេដ្ឋកិច្ចតំបន់និងជីវភាពគ្រួសារប្រជាពលរដ្ឋ ។
ខេត្តនេះក៏មានតំបន់ទេសចរណ៍ល្បីដែរដូចផ្សាររថភ្លើងមេខ្លង ។ មានវត្តព្រះពុទ្ធសាសនាដល់ទៅ១១០វត្ត ក្នុងនោះ វត្តសក្តិសិទ្ធនិងទេសចរណ៍ចូលគោរពសក្ការ: និងទស្សនាមួយចំនួន មានស្ទឹង អូរ បឹង ស្រះនិងផ្សារទឹក ។
លោកស្រីជាអតីតប្រធានអង្គភាពព័ត៌មានខេត្តរូបនេះ លើកឡើងថា ខាងវិស័យព៌ត៎មាននិងការផ្សព្វផ្សាយពាណិជ្ជកម្មក៏រីកចម្រើននិងទូលំទូលាយ ។
តមក កម្មវិធីបានប្រគល់វិញ្ញាបនប័ត្រទទួលស្គាល់គណ:កម្មាធិការនាយកនៃសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន(UMA) ប្រចាំប្រទេសថៃនិងប្រចាំប្រទេសកម្ពុជា ក្នុងនោះក៏មានលោកស្រី ឈានី យ៉ុនយ៉ាត និងលោកលោកស្រីមួយចំនួនទៀត ដែលក្នុងនោះក័មានស្ថាបនិក ជនសកម្មនិងជ្រោមជ្រែងសមាគមនេះផងដែរ ។
លោកអគ្គលេខាធិការ អគ្គលេខាធិការរង និងសមាជិកគណ:កម្មាធិការនាយក ទីប្រឹក្សាបានប្តជ្ញាថា នឹងខិតខំបំពេញការងារជាស្ពាន ជាអ្នកនាំពាក្ស ជាអ្នកផ្សព្វផ្សាយដើម្បីពង្រឹងពង្រីកនូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការ មិត្តភាព សាមគ្គីភាពនិងសន្តិភាពសម្រាប់ប្រជាជាអាស៊ីភាគអាគ្នេយ៍ហៅអាស៊ានអោយរីកចម្រើន រូងរឿងនិងរឹងមាំបន្ថែមទៀត ៕