រាជធានីភ្នំពេញ ៖ វិស័យអចលនទ្រព្យនៅកម្ពុជា ឆ្នាំ២០២៤នេះ មានភាពវិជ្ជមានជាងឆ្នាំ២០២៣។ នេះជាការលើកឡើងរបស់លោក ស៊ន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ធ្វើឡើងក្នុងវេទិកាពិភាក្សា ស្ដីពី «ស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យនៅឆ្នាំ២០២៤» ដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅភោជនីយទន្លេបាសាក់២។
បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចរាជបណ្ឌិត្យសភាកម្ពុជា ក៏បានឱ្យដឹងថា បញ្ហាប្រឈមដែល SME កម្ពុជាជួបប្រទះនាពេលបច្ចុប្បន្ននេះ គឺការចំណាយថ្លៃដើមខ្ពស់ ជាឧបសគ្គធ្វើឱ្យពិបាកប្រកួតប្រជែងទីផ្សារ ជាពិសេសជាមួយប្រទេសជិតខាង។សម្រាប់ករណីនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានតួនាទីសំខាន់ណាស់ ក្នុងការបណ្តុះបណ្តាលបច្ចេកទេស ដល់ផលិតករ និងម្ចាស់សហគ្រាសនៅកម្ពុជា ដើម្បីបង្កើនជំនាញផលិតរបស់ពួកគេ។ លោកបណ្ឌិតបានលើកឡើងទៀតថា ដើម្បីឱ្យមានថ្លៃដើមទាប ទាមទារឱ្យមានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល និងស្នើឱ្យមានការកែប្រព័ន្ធអភិបាលកិច្ចឱ្យបានលឿន ដើម្បីជួយទៅដល់ SME កម្ពុជា។
លោកឧកញ៉ា តែ តាំងប៉ ប្រធានសមាគមសហគ្រាសធនតូច និងមធ្យមកម្ពុជា បានឱ្យដឹងផងដែរថា ផលិតផលខ្មែរមានគុណភាពល្អ មិនចាញ់ប្រទេសជិតខាងនោះទេ ខណៈប្រភេទទំនិញវិញ ក៏មានសម្បូរបែបសម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ ក្នុងថ្ងៃទិវាសហគ្រាសធុនតូច និងមធ្យម នាពេលខាងមុខ នឹងមានការតាំងបង្ហាញផលិតផលខ្មែរប្រមាណ ៥០០មុខ។ លោកឧកញ៉ាបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាគាំទ្រផលិតផលក្នុងស្រុក រួមគ្នាធ្វើទីផ្សារ និងផ្សព្វផ្សាយទៅក្រៅប្រទេស ដើម្បីជំរុញការនាំចេញឱ្យបានកាន់តែច្រើន។ ស្របពេលជាមួយគ្នានេះ លោកបានសម្រេចចិត្តបង្កើតក្រុមហ៊ុនមួយ ដើម្បីនាំចេញផលិតផលខ្មែរទៅលក់នៅក្រៅប្រទេសផងដែរ។
វេទិកាពិភាក្សាបានឲ្យដឹងថា វិនិយោគអចលនទ្រព្យបែបណាដែលមិនមានហានិភ័យ គឺមានលក្ខណ្ឌ៣ ៖ ទី១រើសទីតាំង ទី២មានសុវត្ថិភាព ទី៣អចលនទ្រព្យល្អ៕