ខេត្តព្រះវិហារ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាព ពិធីអបអរសារទរខួប១០ឆ្នាំ ថ្ងៃបង្កើតកងពលធំ អន្តរាគមន៍ ដោយមានការអញ្ជើញចូលរួមពីនាយទាហានជាន់ខ្ពស់ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង មកពីបណ្តាកងឯកភាពជាច្រើនរូប នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាអ្នកដឹកនាំមួយរូប ដែលតម្កល់សុខទុក្ខព្រមទាំងផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងកងទ័ពដែលឈរជើង នៅតាមបណ្តាគោលដៅផ្សេងៗ ទោះស្ថិតនៅក្នុងកាលៈទេសៈយ៉ាងណាក៏ដោយ។
ក្នុងនោះសម្តេចពិជ័យសេនា ទៀ បាញ់ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកស្រឡាញ់រាប់អាន យ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារទាំងអស់។
សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ពិធីអបអរសារទរខួប១០ឆ្នាំ ថ្ងៃបង្កើតកងពលធំអន្តរាគមន៍លេខ៣ នៅពេលនេះ ស្របពេលដែលមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងប្រទេស ត្រៀមរៀបចំពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជម្នះ ៧មករា (១៩៧៩-២០២០) នៅថ្ងៃស្អែកនេះ។
ក្នុងនាមក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ សម្តេចពិជ័យសេនា សូមសំដែងនូវភក្តីភាពដ៏ជ្រាលជ្រៅ និងថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាល តែងតែយកចិត្តទុកដាក់គ្រប់កាលៈទេសៈ រាល់ការលំបាករបស់កងទ័ព ជាពិសេសកងពលអន្តរាគមន៍លេខ៣ ក្នុងនាមជាអ្នកដឹកនាំជាន់ខ្ពស់។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងនូវមនោសញ្ចេតនា រីករាយអបអរសាទរជាមួយមេបញ្ជាការ មេបញ្ជាការរង និងពលទាហានទាំងអស់ នៃកងពលធំងន្តរាគមន៍លេខ៣ និងសូមសម្តែងនូវការកោតសរសើរ ដោយស្មោះចំពោះសកម្មភាពដ៏រស់រវើក និងស្មោះត្រង់រួមចំណែកអភិវឌ្ឍន៍កម្ពុជា នាពេលកន្លងមកនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អង់អាចក្លាហាន មោះមុត មានវិន័យ សេចក្តីថ្លៃថ្នូរ ហើយនូវគ្រប់កាលៈទេសៈ តែងតែទ្រទ្រង់ការពារបានយ៉ាងរឹងមាំ នូវបូរណភាពទឹកដី និងចូលរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សង្គម សាកសមជាទីពឹងរបស់ប្រជាជន និងសង្គមជាតិទាំងមូល៕