ខេត្តកំពង់ស្ពឺ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី នាយករដ្ឋមន្ត្រី ចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយ ចំពោះអ្នករងរបួសក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ។ ចំណែកមន្រ្តីរាជការ ប្រជាពលរដ្ឋក៏បានចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារយោធិនពលីផងដែរ។
ព្រិត្តិការណ៏ដ៏គួររន្ធត់ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ មានករណីផ្ទុះឃ្លាំងស្តុបគ្រាប់នៅក្នុងបន្ទាយយោធភូមិភាគទី៣ ដែលមានយោធិនពលីចំនួន២០នាក់ និងរងរបួសជាច្រើននាក់។
អាជ្ញាធរខេត្តកំពង់ស្ពឺ បានប្រាប់ពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន និងចៀសចេញឱ្យឆ្ងាយ ពីកន្លែងកើតហេតុ ខណៈដែលឃ្លាំងផ្ទុកគ្រាប់ក្នុងទីបញ្ជាការយោធភូមិភាគទី៣នេះស្ថិតក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ខណៈមានគ្រាប់ធុនតូច និងធុនធំ កំពុងផ្ទុះបន្តបន្ទាប់។
យោងតាមការឱ្យដឹងពីសមត្ថកិច្ចនៅកន្លែងកើតហេតុថា នៅជុំវិញបរិវេណនៃទីបញ្ជាការយោធភូមិភាគទី៣ ត្រូវបានហាមឃាត់ការចរាចរណ៍ចេញចូល ប្រជាពលរដ្ឋរស់នៅជុំវិញនោះ ត្រូវបានជម្លៀសចេញ និងមានអ្នករងរបួសជាច្រើននាក់កំពុងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។
សូមបញ្ជាក់ផងដែរថា នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់ និងឆេះឃ្លាំងផ្ទុកគ្រាប់នេះ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានចុះដឹកនាំបញ្ជាផ្ទាល់ ដើម្បីអន្តរាគមន៍ក្នុងហេតុការណ៍នេះ ហើយសមត្ថកិច្ចមានអាវុធហត្ថ និងនគរបាលកំពុងបញ្ចេញរថយន្តពន្លត់អគ្គិសភ័យអន្តរាគមន៍បាញ់ពន្លត់ករណីនេះ៕