បទយកការណ៍ ៖ កាលពីពេលថ្មីៗនេះរដ្ឋបាលខេត្តសៀមរាប សហការជាមួយទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ(GIZ) រួមទាំងវិស័យឯកជនផង បានសម្ពោធជាផ្លូវការគម្រោងសហគមន៍ភូមិវត្តបូព៍ ស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងគោលបំណងជំរុញឱ្យក្លាយជាគោលដៅទេសចរណ៍ថ្មីមួយទៀត បន្ទាប់ពីតំបន់មានសក្តានុពលស្រាប់ដូចជា៖ តំបន់ប្រាសាទ តំបន់បឹងទន្លេសាប និងតំបន់ផាប់ស្រ្ទីត ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនា ក៏ដូចជាស្នាក់នៅសហគមន៍ភូមិវត្តបូព៍នេះ។ ខណៈអាជ្ញាធរខេត្តសៀមរាប មានក្តីរំពឹងថា៖ ភូមិវត្តបូព៍ និងក្លាយជាតំបន់ទេសចរណ៍ ដែលពោរពេញដោយ បរិស្ថានបៃតង និងរំលេចទៅដោយវប្បធម៌ចម្រុះនានា បន្ទាប់ពីបានសម្ពោធជាសហគមន៍ភូមិវត្តបូព៍ជាផ្លូវការ។
បើសិនលោកអ្នកធ្វើដំណើរទៅកាន់កំណាត់ផ្លូវលេខ២៦ មានប្រវែង១៣០ម៉ែត្រ ខាងកើតស្ទឹងសៀមរាប ស្ថិតក្នុងភូមិវត្តបូព៍ សង្កាត់សាលាកំរើក លោកអ្នកពិតជាចាប់ភ្លឹកទៅលើភាពចម្រុះ មានទាំងប្រពៃណីវប្បធម៌ បរិស្ថាននៅសងខាងផ្លូវ មានធុងសំរាមញែកដាច់ពីគ្នា សម្រាប់ទុកដាក់ទៅតាមប្រភេទនៃសំរាម បង់សម្រាប់ភ្ញៀវអង្គុយលេងកម្សាន្ត ដើមផ្កាចម្រុះពណ៌ និងដំណាំរួមផ្សំនៅតាមសួនឬផើងខាងមុខផ្ទះ ឬហាងលក់ដូរនានា ព្រមជាមួយការតុបតែងលម្អតាមលំនៅឋាន និងដើមឈើដែលមានទេសភាពបៃតងផងនោះ ពិតជាអាចទាក់ទាញចំណាប់អារម្មណ៍លោកអ្នក ឱ្យចង់ដើរកម្សាន្ត និងចូលទស្សនាតាមហាងអាជីវកម្ម ជាពិសេសនៅក្បែរនោះមានវត្តបុរាណចំនួនពីរ ជាទីគោរពសក្តារៈនៃពុទ្ធសាសនិកជន និងអ្នកសិក្សាស្រាវជ្រាវនានា។
លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ក្នុងឱកាសអញ្ជើញសម្ពោធសហគមន៍ភូមិវត្តបូព៍ ជាផ្លូវការកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ថា៖ ភូមិវត្តបូព៍ទាំងមូលបានជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងបញ្ជីចំណាត់ថ្នាក់ទីតាំងដ៏សែនមនោរម្យទាំង៥១ លើពិភពលោក ដោយគេហទំព័រទេសចរណ៍ Time Ont ដ៏ល្បីល្បាញរបស់ប្រទេសអង់គ្លេសប្រចាំឆ្នាំ២០២២។ លោកថា ដោយមើលឃើញពីភាពសំបូរបែប ទាំងការរស់នៅ បណ្តុំអាជីវកម្ម ខ្មែរ បរទេស សាលារៀន និងវត្តអារាម រដ្ឋបាលខេត្ត ក្រោមកិច្ចសហការរបស់GIZ និងប្រតិបត្តិ្កករទេសចរណ៍ អាជីវករ បានសម្រេចបង្កើតគម្រោងសហគមន៍ភូមិវត្តបូព៍ថ្មីនេះឡើង ដោយជ្រើសយកកំណាត់ផ្លូវលេខ២៦ សម្រាប់ជាគម្រោងសាកល្បង ដែលផ្តោតសំខាន់លើបរិស្ថានបៃតង សុខសុវត្ថិភាព និងមិនឱ្យមានការរំខានដោយសំឡេង ជាពិសេសត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងប្រពៃណីដែលមាន ស្រាប់ ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តក៏ដូចជាស្នាក់នៅក្នុងខេត្តសៀមរាប។
លោកបានបន្តថា៖ការបង្កើតឡើងនូវសហគមន៍ភូមិវត្តបូព៍ គឺជាទស្សនវិស័យ និងការគិតគូរដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំខេត្ត ក្នុងការជំរុញផ្សព្វផ្សាយអំពីសក្តានុពលនៃវិស័យទេសចរណ៍ខេត្តសៀមរាប។ លោកថា៖ មូលហេតុដែលរដ្ឋបាលខេត្ត បានសម្រេចដាក់ឈ្មោះជាសហគមន៍ភូមិវត្តបូព៍ ដោយសារអ្វីៗទាំងអស់មិនថាបរិវេណផ្ទះ ខាងមុខផ្ទះ ឬហាងអាជីវកម្ម គឺពលរដ្ឋរស់នៅសងខាងផ្លូវជាម្ចាស់ ក្នុងន័យលើកទឹកចិត្តនូវភាពជាម្ចាស់របស់ពួកគាត់នៅទីកន្លែងមួយៗ ដែលពួកគាត់ចូលរួមបង្កើតឱ្យក្លាយជាសហគមន៍។ ក្នុងនោះ រដ្ឋបាលខេត្ត បានជួយសម្របសម្រួល រៀបចំសណ្តាប់ធ្នាប់ និងដាំដើមឈើបន្ថែមដើម្បីបង្កើនទេសភាពបៃតង ឱ្យក្លាយជាសហគមន៍ដែលទាក់ចិត្តទេសចរឱ្យចង់ចូលមកកម្សាន្តមិនជិនណាយ។
លោក យុន លីនណេ អភិបាលរងខេត្តសៀមរាបមានប្រសាសន៍បន្ថែមថា៖ ដើម្បីឱ្យគម្រោងសហគមន៍ភូមិវត្តបូព៍ ទទួលបានជោគជ័យ អាចទាក់ទាញទេសចរជាតិ អន្តរជាតិមកសម្រាកកម្សាន្ត មិនអាចខ្វះបានឡើយការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសម្ចាស់អាជីវកម្មទេសចរណ៍ទាំងឡាយ និងបងប្អូនពលរដ្ឋនៅតាមសងខាងនៃផ្លូវនេះផ្ទាល់។
អ្នកស្រី មួង សោភ័ណ្ឌ ម្ចាស់ភោជនីយដ្ឋានRIVERSIDE CUISINE(រីវើសាយ គូស៊ីន)បានបង្ហាញការគាំទ្រ និងចូលរួមគ្រប់សកម្មភាពជាមួយអាជ្ញាធរពាក់ព័ន្ធ ធ្វើយ៉ាងណាឱ្យសហគមន៍ភូមិវត្តបូព៍ កាន់តែមានភាពទាក់ទាញទេសចរទាំងក្នុងស្រុក និងក្រៅស្រុក ចូលមកកម្សាន្ត ខណៈកន្លងមកម្ចាស់អាជីវកម្មរូបនេះ បានចូលរួមចំណែកយ៉ាងច្រើន ក្នុងការ ធ្វើឱ្យសោភ័ណភាព អនាម័យបរិស្ថាន និងការផ្តល់សេវាកម្មល្អប្រសើរសម្រាប់ភ្ញៀវ។ អ្នកស្រី សោភ័ណ្ឌ ប្តេជ្ញាបន្តចូលរួមកែច្នៃហាង ឬដំាផ្កា និងដំណាំរួមផ្សំផ្សេងៗឱ្យបានច្រើន ដើម្បីលើកកម្ពស់សោភ័ណភាពបៃតងតាមដងផ្លូវ ឱ្យសហគមន៍ភូមិវត្តបូព៍ទាំងមូលមានភាពល្បីល្បាញ ដែលធ្វើឱ្យភ្ញៀវទេសចរនឹកចង់មកស្នាក់នៅទីនេះ។
ចំណែកលោក សុវណ្ណ ម្ចាស់អាជីវកម្មលក់វត្ថុអនុស្សាវរីយ៍ផលិតដោយដៃផ្ទាល់ មានទៅតាំងនៅសហគមន៍ភូមិវត្តបូព៍ បានលើកឡើងថា៖កន្លងមកទេសចរជាតិ និងអន្តរជាតិបានស្គាល់អំពីភាពរីកចម្រើន នៅក្នុងភូមិវត្តបូព៍ តាមរយៈការផ្តល់សេវាកម្មទេសចរណ៍ដ៏ច្រើនសំបូរបែប ប្រកបដោយមានភាពស្ងប់ស្ងាត់ និងរក្សាបានរបៀបរៀបរយល្អប្រសើរ។ លោកថា៖ ក្រោយការបង្កើតឱ្យក្លាយសហគមន៍ភូមិវត្តបូព៍ ទីតាំងនេះនឹងក្លាយជាកន្លែងទាក់ទាញទេសចរថ្មីមួយបន្ថែមទៀត ជួយផ្សព្វផ្សាយពីសក្តានុពលនៃវិស័យទេសចរណ៍របស់កម្ពុជាទៅកាន់សកលលោក។
ជួបជាមួយអ្នកស្រី មួង ទេវី ម្ចាស់ភោជនីយដ្ឋានទេវី បានបង្ហាញថា៖ កាលដើមឡើយនៅពេលមកបើកអាជីវកម្មនៅក្នុងភូមិវត្តបូព៍ដំបូង ទីនេះមានសភាពស្ងប់ស្ងាត់ ប៉ុន្តែមិនសូវមានសោភ័ណភាព ស្រស់បំព្រងដូចសព្វថ្ងៃនេះឡើយ ប៉ុន្តែម្ចាស់អាជីវកម្ម និងបងប្អូនប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ បានរួបរួមគ្នាបោសសម្អាតតាមដងផ្លូវ រៀបចំតុបតែងលម្អតាមហាងនីមួយៗ។ អ្នកស្រីពិតជាសប្បាយរីករាយ ដែលបានឃើញផ្លូវលេខ២៦ក្នុងភូមិវត្តបូព៍ បានផ្លាស់ប្តូរជាបន្តបន្ទាប់ រហូតក្លាយជាទីកន្លែងមានសម្រស់ស្រស់ស្អាតជាងតំបន់ណាៗនៅក្នុងក្រុងសៀមរាប។
ការសម្រេចបង្កើតគម្រោងសហគមន៍ភូមិវត្តបូព៍ថ្មីនេះឡើង ដោយជ្រើសយកកំណាត់ផ្លូវលេខ២៦ សម្រាប់ជាគម្រោងសាកល្បង ដែលផ្តោតសំខាន់លើបរិស្ថានបៃតង សុខសុវត្ថិភាព និងមិនឱ្យមានការរំខានដោយសំឡេង ជាពិសេសត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងប្រពៃណីដែលមានស្រាប់ ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តក៏ដូចជាស្នាក់នៅក្នុងខេត្តសៀមរាប។ ខណៈភូមិវត្តបូព៍ទាំងមូល បានជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងបញ្ជីចំណាត់ថ្នាក់ទីតាំងដ៏សែនមនោរម្យទាំង៥១លើពិភពលោក ដោយគេហទំព័រTime Out ដ៏ល្បីល្បាញរបស់ប្រទេសអង់គ្លេស ប្រចាំឆ្នាំ២០២២។ ចំណាត់ថ្នាក់Time Out ដែលត្រូវបានផ្សាយបន្តដោយ CNNផងដែរនោះ មានការសរ សេរ រៀបរាប់ពីសកម្មភាពដែលទេសចរគួរធ្វើនៅភូមិវត្តបូព៍ ដែលជាកន្លែងផ្សារភ្ជាប់នឹងវប្បធម៌ដ៏ចំណាស់របស់ខេត្តសៀមរាប ជាពិសេសសំណង់ស្ថាបត្យកម្មដ៏ចំណាស់របស់វត្តរាជបូណ៌។ ទន្ទឹមនិងនោះ ទីអារាមមួយនេះក៏នឹងគ្រោងសាងសង់នូវសារមន្ទីរតម្កល់វត្ថុបុរាណសរុបប្រមាណ២៥៧៥វត្ថុ ដែលមានអាយុកាលចាប់ពីសម័យបុរេប្រវត្តិ រហូតដល់សម័យក្រោយអង្គរ សម្រាប់ជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ របស់សិស្សានុសិស្ស ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលើវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរបុរាណ៕ប្រភពអាកាប៉េ