រាជធានីភ្នំពេញ ៖ ឆ្លើយតបនឹងចម្ងល់និងមតិយោបល់របស់ពលរដ្ឋនិងមហាជនមួយចំនួនដែលព្រួយបារម្ភថារាជរដ្ឋាភិបាលឈប់អភិវឌ្ឍបណ្តាខេត្តភូមិភាគឦសាន្ត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងឱ្យដឹងក្នុងសារសម្លេងផ្លូវការមួយនាថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២០២៤ថា ទោះបីជាកម្ពុជាប្រកាសដកខ្លួនពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ទៅហើយក្តី ក៏គោលនយោបាយរាជរដ្ឋាភិបាល ក្នុងការជំរុញអភិវឌ្ឍបណ្តាខេត្តភូមិភាគឦសានរបស់កម្ពុជា គឺនៅតែរក្សាដដែលទេ។
តាមរយៈសារសំឡេងពិសេសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «ទោះមានឬមិនមានកិច្ចសហប្រតិបត្តិការ CLV-DTA រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តអភិវឌ្ឍតំបន់ភូមិភាគឦសាននៃប្រទេសរបស់ខ្លួន ក៏ដូចជាការធានានូវការការពារទឹកធី អធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ព្រោះនេះជាការចង់បានរបស់ប្រជាពលរដ្ឋខ្មែរច្រើនលើសលប់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅផ្ទាល់នៅខេត្តភូមិភាគឦសានផ្ទាល់តែម្តង ។
ដូច្នេះការបន្តគោលនយោបាយជំរុញអភិវឌ្ឍភូមិភាគឦសានរបស់កម្ពុជា គឺនៅរក្សាដដែលមិនមានការប្រែប្រួល ដោយរួមមានការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាពិសេសផ្លូវក្រវាត់ព្រំដែន និងការដាក់ចេញនូវកញ្ចប់លើកទឹកចិត្ត និងជំរុញការវិនិយោគខេត្តភូមិភាគឦសានឆ្នាំ២០២៥»។
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីកិច្ចសហប្រតិបត្តិការដែលផ្តួចផ្តើមដោយកម្ពុជានេះ ត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំ កន្លងមក។
ការដកខ្លួនេះ សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ឥឡូវនេះជាប្រមុខរដ្ឋស្តីទីនិងជាថ្លែងក្នុងនាមប្រធានគណបក្សប្រជឆជនកម្ពុជាផងដែរ សម្តេចអះអាងពីបំណងថាដើម្បី«ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលេសឬលទ្ធភាពប្រើប្រាស់ CLV-DTA ញុះញង់ បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណប្រជាពលរដ្ឋក្នុង និងក្រៅប្រទេស ដែលបានចូលរួមបរិច្ចាគថវិកាដោយស្ម័គ្រចិត្ត ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន កសាងផ្លូវខ្សែក្រវាតព្រំដែន ដែលគិតមកដល់ពេលនេះមានប្រមាណ ៧០ម៉ឺននាក់ហើយ ដែលគិតជាថវិកាប្រមាណ២១លានដុល្លារអាមេរិកផងដែរ។
សម្តេចបានបន្ថែមថា វិភាគទាននេះ នឹងត្រូវយកទៅប្រើប្រាស់លើការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។
បើតាម សម្តេចធិបតីនាយករដ្ឋមន្ត្រី ការកសាងផ្លូវក្រវាត់ព្រំដែន នៅជាប់ប្រទេសទាំង៣ ឡាវ-ថៃ-វៀតណាម បានចាប់ផ្តើមឡើងតាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ ហើយរហូតមកដល់បច្ចុប្បន្ន កម្ពុជាបានកសាងសម្រេចចំនួន ១៣០០គីឡូម៉ែត្រ។
ហើយនៅសេសសល់ប្រមាណ ១៣០០គីឡូម៉ែត្រទៀត នឹងត្រូវធ្វើបន្ត។
ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន នៅតែមានការចូលរួមជាហូរហែនោះ សម្តេចបានថ្លែងថា ក្រុមការងារនឹងបន្តទទួលថវិការហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ហើយនៅពេលបិទបញ្ចប់ក្រុមការងារនឹងជម្រាបអំពីចំនួនទឹកប្រាក់ចុងក្រោយ និងផែនការច្បាស់លាស់ដើម្បីប្រើប្រាស់ថវិកាទាំងនេះ។
ចំពោះផែនការរៀបចំដំណើរទស្សនកិច្ចនៅខេត្តភូមិភាគឦសាន រៀងរាល់ចុងសប្តាហ៍រហូតដល់ដំណាច់ឆ្នាំ២០២៤ សម្តេចធិបតីហ៊ុន ម៉ាណែតក៏បានប្រកាសឱ្យបន្តរក្សាដដែលដើម្បីឱ្យពលរដ្ឋបានទស្សនាជាក់ស្តែងនូវបណ្តាខេត្តភូមិភាគឦសានរបស់កម្ពុជា៕