ខេត្តពោធិសាត់ ៖ បុរសសង្ស័យជាឃាតកដែលរំលោភនិងសម្លាប់ក្មេងស្រីសិស្សថ្នាក់ទី៩ D វិទ្យាល័យអន្លង់ត្នោត ស្រុកក្រគរ បានឃ្លាំមើលជនរងគ្រោះនិងមានចេតនាទុកជាមុនក្នុងការប្រព្រឹត្ត។សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់នោះពាក់ព័ន្ធករណីរំលោភសម្លាប់។
សមត្ថកិច្ចនគរបាលព្រហ្មទ័ណ្ឌនៃអធិការដ្ឋានស្រុកក្រគរ ស្នងការដ្ឋានខេត្តពោធិសាត់អោយដឹងថា៖ ករណីរំលោភសម្លាប់នេះបានកើតឡើងកាលពីថ្ងៃទី២២ កញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០០.០៥នាទីយប់ នៅចំណុចត្រពាំងសម្រែស្ថិតភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធ៍សាត់ ។
អ្នកស្រុកនិងក្រុមគ្រួសារបានរកឃើញសពក្មេងស្រីសិស្សសាលាអាយុ១៦ឆ្នាំម្នាក់ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ។
ក្មេងស្រីរងគ្រោះជាសិស្សរស់នៅជាមួយឳពុកម្តាយភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ចំណែកជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ សេប យ៉ា អាយុ៣៦ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅបណ្ដោះអាសន្នក្នុងរោងមើលក្របី ក្បែរកន្លែងកើតហេតុ ទីលំនៅបច្ចុប្បន្នភូមិទន្សាយគល់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពពីសមត្ថកិច្ចស្រុកក្រគរបានឲ្យដឹងថា មុខសញ្ញាជនសង្ស័យ គឺជាមនុស្សរស់នៅផ្ទះក្បែរគ្នាក្នុងស្រុកភូមិជាមួយគ្នា ហើយបានឃ្លាំមើលនិងមានចេតនា ហើយរៀបខ្លួនជាមុនដើម្បីចាប់រំលោភក្មេងស្រី បន្ទាប់ពីឧស្សាហ៍ឃើញរូបសម្រស់នាងពេលដើរឃ្វាលក្របី។
ក្នុងហេតុការណ៍ខាងលើ ក្រោយធ្វើសកម្មភាព ឃាតករនេះបានរត់ចូលព្រៃដើម្បីគេចខ្លួន ប៉ុន្តែត្រូវសមត្ថកិច្ចបានស្រាវជ្រាវ និងចាប់ខ្លួនបានយកមកផ្តន្ទាទោសតាមច្បាប់។
ក្រោយពិនិត្យនិងធ្វើកោសល្យវិច្ឆ័យរួចមក សមត្ថកិច្ចបានប្រគល់សពក្មេងស្រីរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ក្នុងករណីរំលោភសម្លាប់ក្មេងស្រីសិស្សសាលានេះ លោកខូយ រីដា មុននេះបានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវបន្តស្រាវជ្រាវឱ្យបានម៉តចត់ក្នុងការស្វែងរកការកំណត់មុខសញ្ញាជនដៃដល់ ។
លុះរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ លោកខូយ រីដា អភិបាលនៃអភិបាលខេត្តពោធិ៍សាត់និងមន្ត្រីបាននាំយកថវិកាចំនួន ៦,១០០,០០០ រៀល ទៅចូលរួមបុណ្យសពក្មេងស្រី ឈ្មោះ ភឿង ស្រីល័ក្ខណ៍ អាយុ១៦ឆ្នាំ ដែលត្រូវឃាតករ រំលោភ សម្លាប់នោះ។
ក្នុងនោះ មានថវិកាចំនួន ៤លានរៀល ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជុនតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត។ ថវិកាចំនួន ២លានរៀល ជាថវិការដ្ឋបាលខេត្ត និងថវិកាចំនួន១០ម៉ឺនរៀលទៀតជាថវិការបស់មន្ទីរអប់រំយុវជន និងកីឡាខេត្ត ៕