អន្តរជាតិ ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា នាវាចម្បាំងជប៉ុន ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាលើកដំបូង ហើយអះអាងនូវសេរីភាពនៃការធ្វើនាវាចរណ៍របស់ខ្លួនមួយសប្តាហ៍ បន្ទាប់ពីនាវាផ្ទុកយន្តហោះចិន បើកនាវាឆ្លងកាត់រវាងកោះជប៉ុន ២ នៅជិតតៃវ៉ាន់។
អ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ប្រទេសជប៉ុន លោក Yoshimasa Hayashi បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ នៅក្នុងសន្និសីទសង្ខេបមួយ ដោយសារការព្រួយបារម្ភអំពីប្រតិបត្តិការយោធា។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត កំពុងបង្កើនការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ប្រវែង ១៨០ គីឡូម៉ែត្រ ដើម្បីពង្រឹងវិសាលភាពរបស់ខ្លួនជាផ្លូវទឹកអន្តរជាតិ ដែលទង្វើនេះធ្វើឱ្យប្រទេសចិន ខឹងសម្បារ។
ប្រព័ន្ធផ្សព្វផ្សាយជប៉ុនជាច្រើន បញ្ជាក់ថា នាវាពិឃាត Sazanami ជប៉ុន បានបើកឆ្លងកាត់សមុទ្រតៃវ៉ាន់មិនធ្លាប់មានពីមុនមក កាលពីថ្ងៃពុធ ជាមួយនឹងនាវាយោធាមកពីប្រទេសអូស្ត្រាលី និងនូវែលសេឡង់។
របាយការណ៍ដដែល បន្ថែមថា ប្រទេសទាំង ៣ គ្រោងធ្វើសមយុទ្ធយោធានៅក្នុងសមុទ្រចិនខាងត្បូង ដែលកំពុងមានការប្រកួតប្រជែងខ្លាំង ។
ដោយឡែក នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការពារជាតិតៃវ៉ាន់ បានកត់ត្រាពីវត្តមានយន្តហោះយោធាចិនចំនួន ៤៣ គ្រឿង និងនាវាកងទ័ពជើងទឹកចំនួន ៨ ដែលគេប្រទះឃើញ នៅជុំវិញកោះប្រជាធិបតេយ្យនេះ ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន នាវាផ្ទុកយន្តហោះ Liaoning របស់ប្រទេសចិន បានធ្វើដំណើរឆ្លងកាត់កោះជប៉ុនចំនួន ២ នៅជិតកោះតៃវ៉ាន់ ជាលើកដំបូង អមដោយនាវាពិឃាត ២ គ្រឿង ផ្សេងទៀត ហើយថានេះជាការគោរពតាមច្បាប់អន្តរជាតិ ៕