អន្តរជាតិ ៖ ក្រុមឧទ្ទាមបានច្រានចោលសំណើសន្តិភាពនៃរបបយោធាដែលស្នើឡើង ស្របពេលដែលការប្រយុទ្ធគ្នាកំពុងបន្ត អូសបន្លាយអស់រយៈពេលជាង ៣ឆ្នាំមកហើយ។
នេះសំណើរជាលើកដំបូងរបស់របបផ្តាច់ការ ចាប់តាំងពីខ្លួនដណ្ដើមអំណាចបាន នៅឆ្នាំ ២០២១ បន្ទាប់ពីបទឈប់បាញ់ដែលសម្របសម្រួលដោយប្រទេសចិននៅរដ្ឋសានភាគខាងជើងផុតកំណត់ ។
របបយោធា បានអំពាវនាវឱ្យក្រុមប្រដាប់អាវុធជនជាតិភាគតិច និងក្រុមបះបោរភេរវករ ឱ្យទំនាក់ទំនងជាមួយខ្លួន ដើម្បីដោះស្រាយបញ្ហានយោបាយ ហើយក៏ជំរុញឱ្យពួកគេចូលរួមក្នុងការបោះឆ្នោតដែលគ្រោងធ្វើឡើងនៅឆ្នាំក្រោយនេះ ។
ទន្ទឹមនោះ រដ្ឋាភិបាលឯកភាពជាតិនិរទេស (NUG) បានលើកឡើងថា ការដាក់ចេញសំណើនេះមិនមានការយល់ព្រមនោះទេ ដោយបន្ថែមថា របបយោធាគ្មានសិទ្ធិអំណាចក្នុងការរៀបចំការបោះឆ្នោត។
គួរបញ្ជាក់ថា កាលពីខែមិថុនា សម្ព័ន្ធភាពនៃកងទ័ពជនជាតិភាគតិចចំនួន ៣ បានបន្តការវាយលុកប្រឆាំងនឹងរបបយោធា ដោយដណ្តើមយកទឹកដីតាមបណ្តោយផ្លូវហាយវេដ៏សំខាន់មួយទៅកាន់ខេត្តយូណានរបស់ប្រទេសចិន ដែលមានព្រំប្រទល់ជាប់ប្រទេសមីយ៉ាន់ម៉ា ៕