រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ នៅក្នុងវេទិកាពិភាក្សាស្តីពី «គោលនយោបាយថាមពលកម្ពុជា» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងអំពីគម្រោងវិនិយោគលើវិស័យអគ្គិសនី ចំនួន២៣គម្រោង ដែលមានតម្លៃប្រមាណ ៥៧៩០លានដុល្លារអាមេរិក ដែលគណៈរដ្ឋមន្ដ្រីដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុម័តកាលពីសប្ដាហ៍កន្លងទៅនេះ។
លោក កែវ រតនៈ បានអះអាងថា គម្រោងវិនិយោគដែលគណៈរដ្ឋមន្ដ្រីទើបអនុម័តនេះ មានគម្រោងមួយដែលជាគម្រោងប្រវត្តិសាស្ដ្រសម្រាប់ប្រទេសកម្ពុជា គឺការប្រើប្រាស់ថាមពលដើរដោយកម្លាំងខ្យល់។ គម្រោងទាំង២៣គម្រោងនេះមានអានុភាពសរុបចំនួន ៣៩៥០មេហ្គាវ៉ាត់ ដែលសុទ្ធតែជាថាមពលស្អាតមានរហូតដល់ ២១គម្រោង ពោលក្នុងនោះរួមមាន ថាមពលពន្លឺព្រះអាទិត្យ ឈរលំដាប់លេខ១, ថាមពលវារីអគ្គិសនី ឈរលំដាប់លេខ២ និងថាមពលខ្យល់ ឈរលំដាប់លេខ៣។
តាមការពិនិត្យនិងវិភាគលើលក្ខណៈបច្ចេកទេស សេដ្ឋកិច្ច និងសង្គម ការអភិវឌ្ឍគម្រោង២៣ខាងលើ មានផលប្រយោជន៍ចំពោះព្រះរាជាណាចក្រកម្ពុជា ក្នុងការបំពេញប្រភពអគ្គិសនីឱ្យបានគ្រប់គ្រាន់និងទាន់ពេលតាមកំណើននៃតម្រូវការអគ្គិសនីដែលកើនឡើង ផ្តល់ប្រភពអគ្គិសនីដល់ប្រព័ន្ធបណ្តាញជាតិ ដើម្បីអាចធ្វើការផ្គត់ផ្គង់អគ្គិសនីមួយដែលអាចទុកចិត្តបាន និងមានតម្លៃសមរម្យ ដល់អ្នកប្រើប្រាស់គ្រប់ប្រភេទនៅគ្រប់ទីកន្លែងនៃព្រះរាជាណាចក្រកម្ពុជា។
គម្រោងទាំងនេះ និងបង្កើនការអភិវឌ្ឍប្រភពថាមពលក្នុងស្រុកបង្កើនការអភិវឌ្ឍថាមពលស្អាត ដែលរួមមាន ថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ ថាមពលជីវម៉ាស ថាមពលវារីអគ្គិសនី ឱ្យបានជាអតិបរមា មានតម្លៃសមរម្យ ដើម្បីឈានទៅសម្រេចគោលដៅវិស័យថាមពលឆ្នាំ២០៣០ ឱ្យមានប្រភពថាមពលស្អាតយ៉ាងតិច ៧០% នៅក្នុងប្រភពថាមពលក្នុងស្រុកសរុប និងចូលរួមចំណែកក្នុងការសម្រេច ឱ្យបាននូវគោលដៅបរិស្ថានរបស់កម្ពុជា និងការប្តេជ្ញាចិត្តជាសកលរបស់កម្ពុជា ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់៕
លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលក៏បានគូសបញ្ជាក់ទៀតថា ការទិញភ្លើងពីបរទេស មិនមែនមានន័យថា កម្ពុជាពឹងដង្ហើមគេដកនោះទេ ប៉ុន្តែជាការបំពេញបន្ថែម បម្រើឱ្យផលប្រយោជន៍យុទ្ធសាស្រ្តរបស់ប្រទេស ស្របពេលដែលបច្ចុប្បន្ននេះ កម្ពុជាបាននិងកំពុងទិញថាមពលអគ្គិសនីមួយចំនួន ពីប្រទេសជិតខាង។ បើទោះបីជាកម្ពុជា បាននាំចូលថាមពលពីវៀតណាម ពីថៃ និងឡាវ សម្រាប់ប្រើប្រាស់ក៏ដោយ ប៉ុន្តែមិនឱ្យលើសពី ៣០%នៃការប្រើប្រាស់សរុបនេះនោះទេ។ ហើយនេះ គឺជាគោលការណ៍តាំងពីរដ្ឋាភិបាលពីអាណត្តិចាស់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រហូតមកដល់រដ្ឋាភិបាលថ្មី ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
លោកបានបញ្ជាក់ថា ការនាំចូលនេះ គឺជាការបំពេញបន្ថែម ដើម្បីឱ្យកម្ពុជាមានថាមពលភាគច្រើន នៅក្នុងដៃរបស់ខ្លួន ដើម្បីសម្រេចបាននូវសន្តិសុខថាមពល ខណៈប្រទេសនានា ក៏ធ្វើបែបនេះដូចគ្នា។ ជាក់ស្តែងវៀតណាម ដែលកំពុងលក់ភ្លើងជាង ២០០មេហ្គាវ៉ាត់ឱ្យកម្ពុជា ប៉ុន្តែវៀតណាមក៏កំពុងទិញភ្លើងជាង ៦០០មេហ្គាវ៉ាត់ពីចិន និងរាប់ពាន់មេហ្គាវ៉ាត់ពីឡាវ។ ចំណែកថៃវិញ ដែលកំពុងលក់ភ្លើងតិចតួចឱ្យកម្ពុជា ក៏កំពុងទិញភ្លើងរាប់ពាន់មេហ្គាវ៉ាត់ ពីឡាវផងដែរ។ រីឯសហរដ្ឋអាមេរិក ក៏ទិញពីកាណាដា សម្រាប់បំពេញតម្រូវការក្នុងស្រុកដូចគ្នា។
លោកបន្ថែមថា «ដូច្នេះការទិញទៅវិញទៅមក ដើម្បីបំពេញបន្ថែមផលប្រយោជន៍យុទ្ធសាស្រ្តរបស់ប្រទេស គឺជាផលចំណេញដែលគេធ្វើទូទាំងពិភពលោក មិនមែនតែកម្ពុជាយើងនោះទេ»៕