ខេត្តកោះកុង ៖ ។ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិអនុភាព៩០០មេហ្គាវ៉ាត់ នៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ប្រសិនបើកម្ពុជាមិនប្រឹងកសាងហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនីនោះ យើងនឹងជួបបញ្ហាច្រើន ពិសេសដំណើរការអភិវឌ្ឍន៍សង្គមជាតិ និងការកៀងគរអ្នកវិនិយោគទុន។
លោករដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បន្ថែមទៀតថា កម្ពុជារក្សាអគ្គិសនីមិនដាច់នោះទេ ពិសេសចង់បានប្រភពបៃតងមកកែច្នៃធ្វើជាអគ្គិសនី ហើយបញ្ចុះតម្លៃលក់ដល់ប្រជាពលរដ្ឋ ព្រមទាំងដល់ក្រុមហ៊ុនឯកជនទៀតផង។ ជាក់ស្តែង រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានដាក់គោលនយោបាយ និងកញ្ចប់ថវិកាជាច្រើនក្នុងគោលបំណងកសាងបណ្តាញអគ្គិសនីឱ្យបានគ្រប់គ្រាន់តាមតម្រូវការទៅអនាគត ពិសេសប្រភពថាមពលដោយផលិតចេញពីការដុតឧស្ម័នធម្មជាតិ។កម្ពុជាត្រូវការអគ្គិសនី៧០ភាគរយដែលបានមកពីថាមពលស្អាតពីរោងចក្រឧស្ម័នធម្មជាតិ៩០០មេហ្គាវ៉ាត់ ដោយសំដៅធ្វើយ៉ាងណាធានារក្សាស្ថិរភាពតម្លៃអគ្គិសនី កិច្ចដំណើរការអភិវឌ្ឍន៍វិស័យឧស្សហកម្ម និងទាក់ទាញការវិនិយោគទុនពីបរទេស។ប្រទេសកម្ពុជា បាននឹងកំពុងតែប្រឹងប្រែងកសាងប្រភពថាមពល និងបណ្តេញអគ្គិសនីនៅតាមតំបន់ដែលមានសក្តានុពល ដើម្បីបំពេញទៅតាមសេចក្តីត្រូវការប្រើប្រាស់ និងផ្គត់ផ្គង់កាន់តែច្រើនពី១ឆ្នាំទៅ១ឆ្នាំ។
លោក Thomas Pianka នាយកក្រុមហ៊ុន Royal Group Power Co.,Ltd និយាយថា រោងចក្រថាមពលអគ្គិសនីដើរដោយឧស្ម័នធម្មជាតិនេះ ហៅកាត់ថា LNG មានអនុភាព៩០០មេហ្គាវ៉ាត់ ខ្នាតធំបំផុតរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបដោយបោះទុនវិនិយោគតម្លៃប្រមាណ១.៣៤១លារដុល្លារ។
លោកនាយកក្រុមហ៊ុន Royal Group Power Co.,Ltd បន្តថា រោងចក្រអគ្គិសនីដើរដោយឧស្ម័នធម្មជាតិនេះដែរ នឹងបញ្ចូលនូវឧបករណ៍ផលិតថាមពលជំនាន់F-Class ចំនួន២ចុងក្រោយ និងមានប្រសិទ្ធភាពខ្ពស់រួមបញ្ចូលគ្នាឧស្ម័ន-ចំហាយទឹក ដែលមានថាមពលសុទ្ធ៤៥០MW។ ក្នុងនាម័យលោកជាដឹកនាំក្រុមហ៊ុនរោងចក្រផលិតថាមពលធំបំផុតតែមួយគត់របស់កម្ពុជា រោងចក្រនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចកាន់តែរីកចម្រើនទ្វេរទៅអនាគត។
យោងតាមការព្យាករណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជា បង្ហាញថា ប្រសិនបើរោងចក្រនេះដំណើរការវានឹងតំណាងឱ្យ១៨ភាគរយនៃសមត្ថភាពផលិតថាមពលសរុបក្នុងស្រុក ហើយវានឹងផលិតបានស្មើនឹង២៦ភាគរយនៃទិន្នផលក្នុងស្រុករបស់កម្ពុជា។ ជាក់ស្តែងរោងចក្រនេះ ជារោងចក្រថាមពលប្រើហ្គាសដំបូងគេបង្អស់នៅកម្ពុជា ដោយតម្រូវឱ្យមានការនាំចូលឧស្ម័នធម្មជាតិរាវពីបរទេស។
សម្រាប់លោកស្រី មិថុនា ភុថង អភិបាលខេត្តកោះកុង បានស្វាគមន៍ចំពោះការសាងសង់រោងចក្រផលិតអគ្គិសនីឧស្ម័នធម្មជាតិនៅពេលនេះ ដោយលោកជំទាវយល់ថា ថាមពលអគ្គិសនី ជាអាទិភាពគន្លឹះទី៤របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ ដោយវិស័យថាមពលមិនត្រឹមតែជាផលិតផលមួយសម្រាប់តែការបំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែវាក៏ជាផលិតផលមួយដ៏ចាំបាច់បំផុតជំរុញឱ្យការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រប់វិស័យកាន់តែរីកចម្រើន៕