ខេត្តកំពង់ធំ – ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងឧបត្ថមថវិកា ដើម្បីលើកទឹកចិត្តដល់កីឡាករប្រណាំងទូកខ្នាតអន្តរជាតិ និងទូកវែង ដែលបានចូលរួមក្នុងការប្រកួតប្រណាំងទូកនៅខេត្តកំពង់ធំ កាលពីថ្ងៃទី ១៦-១៧ តុលា និងទទួលបានជ័យលាភីលេខ ១ និងលេខ ២។
នៅព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៤, ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណដល់កីឡាករចំណុះទូក ដែលបានប្រឹងប្រែងយ៉ាងខ្លាំង រហូតដល់ទទួលបានជ័យជំនះ ហើយបានសរសើរគណកម្មការគ្រប់គ្រងកីឡា ដែលបានរួមគ្នាដឹកនាំដោយភាពប៉ិនប្រសប់។ ក្រុមកីឡាករទាំងនេះ ត្រៀមខ្លួនសម្រាប់ការប្រកួតបន្ត នៅពិធីប្រណាំងទូកនឹងប្រព្រឹត្តឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្តដល់កីឡាករចំណុះទូកអស់គ្នា ឱ្យបន្តហ្វឹកហាត់កាយសម្ព័ន្ធ និងពង្រឹងសមត្ថភាពបន្ថែម ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួត នៅក្នុងពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ នៅរាជធានីភ្នំពេញ។ លើសពីនេះ, ឯកឧត្តមក៏បានផ្តាំផ្ញើរ ដល់កីឡាករទាំងអស់អំពីការរក្សាសុខភាព និងអនាម័យ ដោយការពិសា និងរស់នៅស្អាត ដើម្បីក្សារសុខភាពល្អក្នុងការប្រកួតមុននេះមុននោះ។
គួរបញ្ជាក់ថា, ឯកឧត្តម នួន ផារ័ត្ន និងក្រុមការងារ បានចុះពិនិត្យមើលទូកចំនួន ៣ ដែលត្រូវបានត្រៀមខ្លួនសម្រាប់ប្រកួតនៅរាជធានីភ្នំពេញ:
1. ទូកឌួងសូរិយាបុប្ផាស្ទឹងសែនបារមីក្តីដូង មានចំណុះ ៧៥ នាក់ ទទួលបានជ័យលាភីលេខ ១ ស្ថិតនៅវត្តឌួងសូរិយា ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
2. ទូកបុប្ផាស្ទឹងសែន មានចំណុះ ២២ នាក់ ទទួលបានជ័យលាភីលេខ ១ ស្ថិតនៅវត្តធម្មឃោសិតារាម ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
3. ទូកសែនសិរីមានជ័យ មានចំណុះ ៧៥ នាក់ ទទួលបានជ័យលាភីលេខ ២ ស្ថិតនៅវត្តសែនសិរី សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។