បន្ទាយមានជ័យ : ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១០:៥០នាទីបានសហការជាមួយកម្លាំងការិយាល័យអនុវត្តនីតិវិធីនិងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញនៃនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកវរសេនីយ៍ទោ ឌុច ចាន់តារារិទ្ធ ឋានៈនាយរងការិយាល័យ ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ១១នាក់ / ស្រី ០៥នាក់ ពីបទលួចឆ្លងដែន(គ្មានលិខិតឆ្លងដែន) និងស្នាក់នៅធ្វើការងារក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ។
ប្រភពព័ត៌មានអោយដឹងកាលពីថ្ងៃទី១៨ខែតុលាថា: យោងតាមបញ្ជាលោកឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល០៥ឆ្នាំ បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯកJARUDA TONPRANG ឋានៈនាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត៕