បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ឯក ជុក គឹមហួរ អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុង ពិធីបិទសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣និងបណ្តាឆ្នាំពាក់ព័ន្ធនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
នេះបើតាមមន្ត្រីនគរបាលនៃស្នងការដ្ឋានថ្ងៃទី១៩ខែតុលាឆ្នាំ២០២៤ ។
ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលក្រុង/ស្រុកទាំង៩ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ទាំង៦៧ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនទាំង៣២។
លោកឧត្តមសេនីយ៍ឯក ជុក គឹមហួរ បានអោយដឹងថា : ការចុះធ្វើសវនកម្មនេះ គឺដើម្បីត្រួតពិនិត្យ លើប្រព័ន្ធដឹកនាំ តាមបណ្តាផែនជំនាញនីមួយៗ បណ្តាអង្គភាពចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ គឺជាការវាយតម្លៃលើកិច្ចការទៅតាមជំនាញនីមួយៗនិងកែលំអរ រកចំណុចខ្វះខាតមួយចំនួនតាមបណ្តាឆ្នាំដែលពាក់ព័ន្ធ ជាពិសេសលើការងារ៖ ១-ការគ្រប់គ្រងកម្លាំង ២-ការគ្រប់គ្រងហិរញ្ញវត្ថុ ៣-ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ៤-ពិនិត្យការងាររដ្ឋបាលទូទៅ។
លោកបានថ្លែងអំណរគុណចំពោះលោកស្នងការ ព្រមទាំងអស់លោក លោកស្រីស្នងការរង តាមបណ្តាផែនជំនាញ លោកអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំងអស់ ដែលបានចូលរួមជួយសហការគ្នាបានល្អជាមួយក្រុមការងារ ចុះធ្វើសវនកម្មរយៈពេលកន្លងមក អោយដំណើរការទៅបានយ៉ាងរលូន រហូតដល់បានបញ្ចប់តាមការរំពឹងទុកជាលទ្ធផលទទួលបានជោគជ័យយ៉ាងល្អប្រសើរស្របទៅតាមគោលនយោបាយ របស់ក្រសួងមហាផ្ទៃ។
ជាលទ្ធផល ការចុះធ្វើសវនកម្ម លោកឧត្តមសេនីយ៍ឯក ក៏បានថ្លែងកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលទូទាំងខេត្ត ដែលបានយកចិត្តទុកដាក់អនុវត្តទៅតាមតួនាទី ភារកិច្ច រួមទាំងការកសាងអង្គភាព ទទួលបានជោគជ័យល្អលើបណ្ដាឆ្នាំមុនៗ៕