ខេត្តកំពង់ឆ្នាំង ៖ កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង បានបង្ក្រាបសកម្មភាពឆក់ទូរស័ព្ទដែលកើតឡើងនៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅចំណុចសរសរតាឡង់ ផ្លូវលេខ ១៥៣ ភូមិពានី ឃុំពានី ស្រុកកំពង់ត្រឡាច។ ក្នុងឳកាសនេះ ជនសង្ស័យចំនួន ២ នាក់ បានជិះម៉ូតូ ធ្វើសកម្មភាពឆក់ទូរស័ព្ទពីយុវតីម្នាក់បានសម្រេច។ ទោះជាយ៉ាងណា ពួកគេមានកាភ័យខ្លាំងបានលះបង់ម៉ូតូ ហើយរត់គេចខ្លួនបាត់។
យោងតាមរបាយការណ៍របស់លោកអធិការរងនគរបាលស្រុកកំពង់ត្រឡាច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហេង សុបិន្ត អាយុ ១៩ ឆ្នាំ រស់នៅភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ។ សម្ភារៈដែលបានបាត់បង់មានទូរស័ព្ទដៃម៉ាកអាយហ្វូន ១១ ពណ៌ខ្មៅចំនួន ០១ គ្រឿង។
បន្ទាប់ពីទទួលបានពាក្យបណ្តឹង លោកវរសេនីយ៍ឯក នន ស៊ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាច បានដឹកនាំកម្លាំងធ្វើការព្រាលស្ទាក់។ ជាមួយនឹងការសហការណ៍ពីជំនាញព្រហ្មទណ្ឌស្រុកពញាឮ ខេត្តកណ្ដាល កម្លាំងនគរបាលបានឃាត់បានម៉ូតូមួយគ្រឿងពណ៌ខ្មៅ ខណៈដែលជនសង្ស័យទាំង ២ នាក់បានរត់គេចខ្លួន៕