ខេត្តកំពង់ធំ ÷ កម្លាំងនគរបាលស្រុកតាំងគោក បានបង្ក្រាបទីតាំងល្បែងជល់មាន់ខុសច្បាប់ ដែលមានទីតាំងក្នុងតំបន់ព្រៃចន្ទី ក្រោមការដឹកនាំដោយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ឯកឧត្ដមនាយឧត្តមសេនីយ៍ ស ថេត។ កិច្ចប្រតិបត្តិការនេះធ្វើឡើងក្នុងសហការណ៍របស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការរដ្ឋបាលខេត្ត។
ឧត្ដមសេនីយ៍ត្រី ទិត សំណាង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានប្រាប់ថា កិច្ចប្រតិបត្តិការនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៣ និង០០នាទី ដោយកម្លាំងនគរបាលស្រុកតាំងគោក ដឹកនាំដោយលោកវរសេនីយ៍ឯក សន តាល់។ ក្រុមប្រតិបត្តិការបានចូលបង្ក្រាបទីតាំងជល់មាន់ ខុសច្បាប់នៅចំណុចក្នុងព្រៃចំការស្វាយចន្ទី តំបន់អូរក្បាលហុង ដែលស្ថិតនៅក្នុងភូមិសាស្រ្តភូមិជីវភាព ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។
ជាលទ្ធផលនៃកិច្ចប្រតិបត្តិការ កម្លាំងនគរបាលបានដកហូតវត្ថុតាងប្រមាណ ២០ ម៉ូតូម៉ាកឌ្រីម និងមាន់ជល់ចំនួន ៥ក្បាល រួមជាមួយសម្ភារៈផ្សេងៗទៀត។ សម្រាប់អ្នកដែលចូលរួមល្បែងស៊ីសងបានរត់គេចខ្លួនពីកន្លែងកើតហេតុ ហើយកម្លាំងសមត្ថកិច្ចកំពុងសហការសម្រាប់ចាត់ការតាមនីតិវិធីបន្ត។