ខេត្តកំពង់ធំ ៖ មានហេតុការណ៍ដ៏អាណោចអាធមមួយបានកើតឡើង ស្របពេលឪពុកម្តាយកំពុងអង្គុយហូបបាយ ក្មេងប្រុសម្នាក់ត្រូវបានគ្រែបាក់សង្កត់បណ្តាលឲ្យស្លាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងប្រមាណ ១២និង៣០នាទីថ្ងៃត្រង់ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅភូមិស្លែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
តាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធា ដាវីត ភេទប្រុស អាយុ ១ឆ្នាំ៨ខែ ដែលរស់នៅភូមិ/ឃុំខាងលើ។ មុនពេលកើតហេតុ គេបានចុះលេងក្រោមគ្រែ ខណៈឪពុកម្តាយកំពុងអង្គុយហូបបាយនៅលើគ្រែ។ ដោយអចេតនា គ្រែបានបាក់សង្កត់លើកូនដោយពុំដឹងថាកូននៅក្រោមគ្រែ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែង។
ហេតុការណ៍ដ៏អកុសលនេះស្ទើរតែមិនធ្លាប់បានកើតមានឡើងប្រចាំថ្ងៃទេ។ ដូច្នេះ សូមឪពុកម្តាយគ្រប់រូប បង្កើនការយកចិត្តទុកដាក់ និងមើលថែទាំកូនតូចៗឲ្យបានប្រុងប្រយ័ត្នកាន់តែមានប្រសិទ្ធភាព។ កុំឲ្យកូនដាច់ពីក្រសែភ្នែក ដោយសារវ័យក្មេងតូចៗមានភាពងាយប្រទះឲ្យជួបនឹងហានិភ័យ។ សូមអស់លោកអ្នកប្រយ័ត្នប្រយែង ដើម្បីកុំឲ្យកើតមានហេតុការណ៍អាកុសលដូចនេះឡើងទៀត៕