ខេត្តបន្ទាយមានជ័យ ៖ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានណែនាំដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យសហការនឹងអាជ្ញាធរដែនដី ក៏ដូចជាសមត្ថកិច្ចជំនាញពាក់ព័ន្ធ ភាគីទំនាស់ត្រូវពន្លឿនការចុះបញ្ជីដីធ្លីបង្ហើយ បញ្ចប់វិវាទ ។
និងផ្តោតលើការរៀបចំក្រុងឲ្យមានសោភ័ណភាព ដែលគួរឱ្យចង់រស់នៅ។
លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ការណែនាំបែបនេះក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១០.១៥៨ ប័ណ្ណ ជូនប្រជាពលរដ្ឋភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកន្លងមកនេះ។នេះបើតាមមន្ត្រីអោយដឹងកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤។
ជាកិច្ចស្វាគមន៍ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា :ប័ណ្ណកម្មសិទ្ធនេះគឺវាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋយកទៅប្រើប្រាស់ ដែលមានឈ្មោះជាម្ចាស់កម្មសិទ្ធិ គ្មានការក្លែងបន្លំបានឡើយ។
ជាមួយនឹងការអភិវឌ្ឍដីធ្លីជាចំណែកយ៉ាងសំខាន់ ប្រជាពលរដ្ឋបានប្រើប្រាស់ដីធ្លី ជាមធ្យោបាយសម្រាប់កសាងជីវភាព រស់នៅទៅបានសុខសប្បាយ តាមរយៈការសាងសង់ភូមិឋាន ផ្ទះសម្បែង និងធ្វើស្រែចម្ការការដាំដុះដំណាំផ្សេងៗ ។
បើតាមលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប៉ោយប៉ែត ធ្លាប់ជាតំបន់ដែលមានសង្គ្រាមនិងបញ្ហាចាក់ស្រេះ មានបាតុភាពនានា មានទំនាស់ដីធ្លី ។ដូច្នេះការទទួលខុសត្រូវចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បន្ទាយមានជ័យ ត្រូវពន្លឿនការចុះបញ្ជីដីធ្លីបង្ហើយ បញ្ចប់វិវាទ និងផ្តោតលើការរៀបចំក្រុង ដើម្បីយើងទទួលបាននូវសុខសន្តិភាពពិតប្រាកដ។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា តាមរយៈការចុះបញ្ជីដី និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ការដោះស្រាយវិវាទដីធ្លី ការផ្តល់សេវាគាប់ចិត្ត ការបញ្ចប់បញ្ហានៅបឹងទន្លេសាប និងនៅរមណីយដ្ឋានអង្គរ ការបង្រួមបញ្ហានៅតាមបុរី ដើម្បីបន្ថយ និងឈានទៅលុបបំបាត់បញ្ហាចម្រូងចម្រាសក្នុងសង្គមកម្ពុជា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បន្ទាយមានជ័យ គួរបន្តផ្តោតលើកិច្ចការនគរូបនីយកម្ម ការរៀបចំក្រុង និងសំណង់ ដើម្បីធានាឱ្យសំណង់របស់យើងមានគុណភាព សុវត្ថិភាព និងសោភ័ណភាព ប្រែក្លាយតំបន់នេះឱ្យទៅជាទីក្រុង ដែលគួរឱ្យចង់រស់នៅ មានផ្លូវដើរ មានលម្ហសាធារណៈ ផ្ទះសម្បែងរៀបរយ បរិស្ថានស្អាតប្រកបដោយសុខមាលភាព ក្នុងជីវភាពប្រកបដោយសេចក្តីថ្លៃថ្នូរ សក្តិសមជាប្រជាពលរដ្ឋក្នុងសហសម័យរុងរឿង ដែលជាអ្នកបន្តវេនពូនជ្រំថែទាំផ្លែផ្កាសុខសន្តិភាពឱ្យកាន់តែរីកសុះសាយក្នុងសង្គមកម្ពុជាជានិរន្តន៍។
លោកឧបនាយករដ្ឋមន្ត្រី បន្តទៀតថា មន្ទីរត្រូវបន្តគិតគូរពីឱកាស និងលទ្ធភាពក្នុងការរៀបចំទីក្រុងសម្បូរទៅដោយលក្ខខណ្ឌអំណោយផលជាកត្តារួមចំណែកពង្រីកឱកាសការងារ បង្កើនសកម្មភាពពាណិជ្ជកម្ម បង្កើនប្រាក់ចំណូល ក្នុងគោលបំណងលើកស្ទួយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់ប៉ោយប៉ែតនេះ ឱ្យកាន់តែប្រសើរ ៕