ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលក្រុងកំពង់ឆ្នាំង បានសហការជាមួយក្រុមការងារមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង រៀបចំកម្មវិធី យុទ្ធនាការ “កំពង់ឆ្នាំងស្អាត ខ្មែរធ្វើបាន” និងយុទ្ធនាការសម្អាតផ្លូវជាតិ “ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក” ដោយមានការចូលរួមលោក ឌី គីដែន ប្រធាននាយដ្ឋានគ្រប់គ្រងសំណល់រឹង លោកម៉ម ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរមូលដ្ឋានប្រមាណជិត១ពាន់នាក់។
លោកម៉ម ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងបញ្ជាក់ថា គោលបំណងនៃយុទ្ធនាការដែលកន្លងមក ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការចំនួន៣រួចមកហើយ គឺទីមួយយុទ្ធនាការយើងមិនប្រើប្រាស់ថង់ផ្លាស្ទិកនោះទេ! ទីពីរយុទ្ធនាការកម្ពុជាស្អាតខ្មែរធ្វើបាន និងទីបី យុទ្ធនាការសម្អាតផ្លូវជាតិ ផ្លូវជាតិគ្មានសំរាម គ្មានថង់ប្លាស្ទិក ។ ដោយឡែកសម្រាប់ខេត្តកំពង់ឆ្នាំងជាខេត្តគោលដៅដែលក្រសួងបរិស្ថាន ក៏ដូចជារដ្ឋបាលខេត្ត បានប្ដេជ្ញាចិត្តថា នឹងធ្វើឲ្យខេត្តកំពង់ឆ្នាំងជាខេត្តគំរូទីមួយ ជាខេត្តគ្មានសំរាមនៅតាមដងផ្លូវ តាមទីសាធារណៈ ក៏ដូចជាតាមភូមិឋាន នៅតាមមន្ទីរអង្គភាព សាលារៀន វត្តអារាមផ្សេងៗគ្មានសំរាមពាសវាលពាសកាល។
ចំពោះយុទ្ធនាការនេះគឺយើងអនុវត្តទូទាំងខេត្តតែម្ដង។ មានន័យថាគ្រប់បណ្ដាភូមិឃុំស្រុក មន្ទីរអង្គភាព សាលារៀន វត្តអារាម ក៏ដូចជាតាមបណ្តារោងចក្រសហគ្រាសទាំងអស់ ចូលរួមធ្វើការសម្អាតសម្រាម នៅតាមផ្លូវថ្នល់ ទីសាធារណៈ ដែលធ្វើការឆ្លងកាត់ទីតាំងរបស់ពួកគាត់ ធ្វើយ៉ាងណាសំដៅកាត់បន្ថយសំរាមដែលហើរតាមខ្យល់ សម្រាមនៅតាមទីសាធារណៈ នៅតាមផ្លូវ ធ្វើយ៉ាងណាឲ្យខេត្តកំពង់ឆ្នាំងនេះក្លាយជាខេត្តគំរូដែលគ្មានសំរាម យ៉ាងមានប្រសិទ្ធភាព។
លោកសាន់ អូស្មាន អភិបាលរងក្រុងកំពង់ឆ្នាំង បញ្ជាក់ថា ពាក់ព័ន្ធនឹងយុទ្ធនាការកម្ពុជាស្អាតខ្មែរធ្វើបាន ក្រសួងបានដាក់ចេញជាគោលការណ៍នេះមកគឺយើងចាប់ផ្ដើមអនុវត្តនៅក្រុងកំពង់ឆ្នាំង តាំងពីដើមខែធ្នូមកម្ល៉េះ។ ចំពោះការបែងចែកក្នុងការធ្វើយុទ្ធនាការ ក្នុងក្រុងកំពង់ឆ្នាំងនេះគឺបែងចែកទាំងបួនសង្កាត់តែម្ដង។ ជាពិសេសជារៀងរាល់ថ្ងៃព្រហស្បតិ៍គឺយើងចាប់ផ្ដើមអនុវត្ត ដែលមានការចូលរួមពីសិស្សានុសិស្ស មន្ត្រីរាជការ ប្រជាការពារ កងកម្លាំង ប្រជាពលរដ្ឋ បានធ្វើយុទ្ធនាការនៅតាមសង្កាត់នីមួយៗលើទីតាំងណាដែលយើងគិតថាអាចផ្សព្វផ្សាយបាន ដូចជាទីតាំងក្បែរសាលារៀន ក្បែរវត្តអារាម ឬទីផ្សារនានា។
ជាមួយគ្នានេះរដ្ឋបាលក្រុងសូមថ្លែងអំណរគុណចំពោះក្រសួងបរិស្ថាន ដែលបានអញ្ជើញចូលរួមក្នុងយុទ្ធនាការនេះជារៀងរាល់សប្តាហ៍ទាំង៨ក្រុង/ស្រុក ដើម្បីខេត្តកំពង់ឆ្នាំងក្លាយជាទីក្រុងស្អាតនាថ្ងៃអនាគត។ រដ្ឋបាលក្រុងអំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការចូលរួមបញ្ឈប់ក្នុងការចោលសំរាមពាសវាលពាសកាល និងចូលរួមសំអាតសំរាមទាំងឡាយណាដែលនៅសេសសល់នៅរាយប៉ាយឲ្យបានជាប់ជាប្រចាំ សំខាន់មួយទៀតនោះគឺសូមចូលរួមក្នុងការទទួលយកសេវាសំរាម ដែលរដ្ឋបាលក្រុងស្រុកបានរៀបចំ ចៀសវាងយកសំរាមរបស់ពួកគាត់បោះចោលអាណាធិបតេយ្យ ឬអាចហៅបានថាជាសំរាមអនាថា ។ កាលណាបងប្អូនប្រជាពលរដ្ឋយើងទទួលយកសេវាសំរាមនោះគាត់នឹងគ្រប់គ្រងសម្រាមរបស់គាត់ ដើម្បីឲ្យក្រុមហ៊ុនដើរប្រមូលសំរាមមកដឹកដល់លំនៅឋាន ឬកន្លែងអាជីវកម្មរបស់ពួកគាត់តែម្តង៕