ខេត្តកំពង់ឆ្នាំង ៖ ដើម្បីថែរក្សានិរន្តរភាព និងពូជមច្ឆាជាតិ ឲ្យបានគង់វង្ស ខណៈសង្កេតឃើញថា ត្រីល្អិតជាច្រើនតោនក្នុងមួយថ្ងៃៗ ត្រូវបានក្រុមអ្នកនេសាទដាក់ដាយកាត់ព្រែក ប្រើឧបករណ៍សាច់អួនក្រឡាញឹកស្បៃមុង និងរបាំងណរ៉ាវមានប្រវែងលើសច្បាប់កំណត់ជាច្រើន ក្នុងភូមិសាស្ត្រព្រែកយួន ស្ថិតឃុំកំពង់អុស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ លោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសនេសាទទាំងនោះ និងធ្វើការណែនាំប្រជានេសាទ កុំដាក់សាច់អួនក្រឡាញឹក ស្បៃមុង និងប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់ត្រីល្អិតៗដែលអាចនឹងប្រឈមដាច់ពូជមិនខាន ។
ក្នុងឱកាសនោះផងដែរ លោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង បានធ្វើការអំពាវនាវ និងណែនាំដល់ប្រជានេសាទទាំងអស់នៅតាមដងទន្លេ សូមកុំអោយប្រកបរបរដែលច្បាប់បានហាមឃាត់ ព្រោះវាធ្វើអោយអស់ត្រីនៅក្នុងបឹងទន្លេសាបយើងនេះ និងមួយវិញទៀត បងប្អូនត្រូវប្រឈមមុខចំពោះមុខច្បាប់ទៀត ដូចនេះសូមបងប្អូនជួយថែរក្សាធន់ធានធម្មជាតិដែលជាសម្បតិរួមរបស់យើងទាំងអស់គ្នា៕