រាជធានីភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវ ដល់អ្នកមានបំណងចង់នាំស្វាយចេញ ឱ្យទៅចុះបញ្ជីនៅ ក្នុងតំបន់របស់ខ្លួន ដើម្បីទទួលបានព័តមានលម្អិតអំពីការដាំដុះនិងការថែទាំជាដើម ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកដែលបានសម្ភាសន៍ជាមួយលោករដ្ឋមន្ត្រី ។
លោក វេង សាខុន បានថ្លែងថា ពេលកន្លងក្រសួងបានផ្សព្វផ្សាយជាច្រើនតាមរយះសន្និសីទកាសែត និងសេចក្តីជូន ដំណឹងហូរហែរទៅដល់អ្នកមានចំការស្វាយឱ្យទៅចុះបញ្ជី ខណៈតម្រូវស្វាយមានច្រើន ពីទីផ្សារក្រៅស្រុក ពិសេសប្រទេសចិន ប៉ុន្តែហាក់មិនសូវមានអ្នកអើពើនិងយកចិត្តទុកដាក់ ច្រើនទេ។
ប៉ុន្តែឥឡូវនឹងយើងអនុគ្រោះគាត់ទៅចុះបញ្ជីនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តដែលគាត់ដាំនៅខេត្តណាទៅចុះបញ្ជីនៅខេត្តនឹង រួចចុះបញ្ជីបានហើយ ទើបមន្ត្រីក្រសួង (អគ្គនាយកដ្ឋានកសិកម្ម) ចុះបណ្តុះបណ្តាលគាត់ថាដាំយ៉ាងម៉េច ថែទាំស្វាយយ៉ាងម៉េច ហើយមុនប្រមូលផលត្រូវធ្វើម៉េច ក្នុងដំណាក់កាលប្រមូលផល ធ្វើម៉េច ប្រសិនបើគាត់គ្មានលទ្ធភាពនាំចេញដោយខ្លួនឯង គ្មានលទ្ធភាពបង្កើតរោងចក្រ នោះនឹងជួយបន្ថែមទៀតលើការងារទាំងនេះ ៕