ខេត្តព្រះវិហារ ៖ ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នាំយកទៅផ្តល់ជូនមន្ត្រីនគរបាលការពារព្រំដែនគោកម្នាក់ ដែលបានជាន់មីនផ្ទុះដាច់ជើងទាំងសងខាង កាលពី១ខែមុននេះ នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត។
អនុប្រធានអចិន្ត្រៃយ៍ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ លោកស្រី ចឹក ហេង នៅថ្ងៃទី៨ ធ្នូ បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកអំណោយកាកបាទក្រហមកម្ពុជា ចុះសាកសួរសុខទុក្ខ និងឧបត្ថម្ភដល់មន្ត្រីនគរបាលម្នាក់ ដែលរងគ្រោះដោយគ្រាប់មីន និងកំពុងសម្រាកព្យាបាលមុខរបួស នៅក្នុងមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ។
លោកស្រី ចឹក ហេង បានមានប្រសាសន៍ថា អំណោយដែលបាននាំយកមកផ្តល់ជូន មន្ត្រីនគរបាលម្នាក់ ឈ្មោះ នួន ធឿន មានឋានៈអនុសេនីយ៍ឯក បម្រើការងារនៅក្នុងអង្គភាព វរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៧៩៥ ដែលបានរងគ្រោះដោយសារជាន់មីន បណ្តាលឲ្យដាច់ជើងទាំងពីរ កាលពីវេលាម៉ោង ៤និង៣០នាទី ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ស្ថិតនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត។ ហើយបច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក១៦ មករា ខេត្តព្រះវិហារ។ លោកស្រី បានបន្តថា មន្ត្រីនគរបាលរូបនេះ ត្រូវទទួលបានអំណោយពី ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈសាខាកាកបាទក្រហមខេត្ត មានគ្រឿងឧបភោគ បរិភោគ បរិក្ខាប្រើប្រាស់មួយចំនួន ព្រមទាំងថវិកា ១០លានរៀល ថែមទៀតផង។
ស្របពេលជាមួយគ្នានោះ លោកស្រី ចឹក ហេង បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះមន្ត្រីនគរបាលដែលរងគ្រោះដោយគ្រាប់មីន ក្នុងក្តីអាណិតស្រឡាញ់ និងការសោកស្តាយ ចំពោះឧប្បទ្ទវហេតុដែលបានកើតឡើង នាពេលកន្លងមកនោះ។ លោកស្រី បានផ្តែផ្តាំឲ្យមានការថែទាំងសុខភាពឲ្យបានល្អ ដោយត្រូវបន្តអនុវត្ត តាមការណែនាំរបស់គ្រូពេទ្យឲ្យបានខ្ជាប់ខ្ជួន តាមវិធានការនានារបស់ក្រសួងសុខាភិបាល ត្រូវទម្លាប់ “រស់នៅធម្មតា តាមបែបគន្លងថ្មី” ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩។
គួររំលឹកថា នេះជាលើកទី២ហើយ ដែលកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមកផ្តល់ជូន គ្រួសារជនរងគ្រោះ ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅ។ ការផ្តល់ជូននៅលើកទី១ គឺកាលពីថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ៕