អន្តរជាតិ ៖ ទីបំផុតក្រុមប្រឹក្សាយោបល់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានអនុម័តឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech ហើយ នេះជាជំហានសំខាន់មួយឆ្ពោះទៅរកការអនុម័តចុងក្រោយរបស់វ៉ាក់សាំងនេះសម្រាប់ការចែកចាយនៅទូទាំងប្រទេស។
ក្រុមទីប្រឹក្សាខាងក្រៅនៃរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) កាលពីល្ងាចថ្ងៃព្រហស្បតិ៍ បានបោះឆ្នោតគាំទ្រដោយសម្លែង ១៧ទល់៤ ចំពោះវ៉ាក់សាំងនេះដោយសម្រេចថា គុណប្រយោជន៍របស់វាមានច្រើនជាងហានិភ័យសម្រាប់ការប្រើប្រាស់ដោយបុគ្គលដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ។
រដ្ឋបាលចំណីអាហារនិងឪសថត្រូវបានគេរំពឹងថានឹងផ្តល់សិទ្ធិចែកចាយការចាក់វ៉ាក់សាំងនេះនៅប៉ុន្មានថ្ងៃខាងមុខ។ នោះមានន័យថាក្នុងពេលឆាប់ៗវ៉ាក់សាំងរាប់លានដូស អាចត្រូវបានចែកចាយនៅទូទាំងសហរដ្ឋអាមេរិកស្របពេលដែលខ្លួនគឺជាប្រទេសដែលមានអ្នកស្លាប់និងឆ្លងច្រើនជាងគេបំផុតដោយសារវីរុសកូរ៉ូណានៅលើពិភពលោក៕